ឆាកនយោបាយកូរ៉េខាងត្បូងកាន់តែរង្គោះរង្គើ នៅពេលក្រុមស៊ើបអង្កេតអនុវត្តដីកាចាប់ខ្លួនប្រធានាធិបតី Yoon
សេអ៊ូល ៖ ស្ថានភាពនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូងកាន់តែពុះកញ្ជ្រោល នៅពេលមន្រ្តីការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្រ្តីជាន់ខ្ពស់ (CIO) ដែលប៉ុនប៉ងព្យាយាមចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol តាមដីកាឃុំខ្លួនរបស់តុលាការក្រុងសេអ៊ូល បានប៉ះទង្គិចគ្នាជាមួយកម្លាំងសន្តិសុខប្រធានាធិបតី និងត្រូវបានរារាំងដោយក្រុមចលនាគាំទ្រលោក Yoon។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។
ប៉ូលិស និងកងកម្លាំងដែលសហការជាមួយមន្ត្រីមកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយលើមន្ត្រីជាន់ខ្ពស់ (CIO) បានទៅដល់ខ្លោងទ្វារវិមានប្រធានាធិបតីនៅព្រឹកម៉ោង៧ ថ្ងៃសុក្រទី៣ ខែមករានេះ ដើម្បីអនុវត្តដីកាចាប់ខ្លួនលោកប្រធានាធិបតី Yoon។ ប៉ុន្តែនៅពេលទៅដល់ទីនោះ ពួកគេត្រូវបានរារាំងដោយក្រុមអ្នកគាំទ្រលោក Yoon រាប់ពាន់នាក់។ ប៉ូលិសបាននិយាយថា បើកម្លាំងសន្តិសុខប្រធានាធិបតី ឬអ្នកគាំទ្រលោក Yoon ព្យាយាមបញ្ឈប់ CIO នោះពួកគេនឹងត្រូវប្រឈមមុខការខ្លួនពីបទរារាំងកាតព្វកិច្ចមន្ត្រី។
ទន្ទឹមគ្នា មេធាវីរបស់លោកប្រធានាធិបតី Yoon បាននិយាយថា ការអនុវត្តដីកាចាប់ខ្លួនលោក Yoon គឺខុសច្បាប់ ហើយពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់ ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។ យ៉ាងណា ការិយាយល័យ CIO ដែលកំពុងដឹកនាំក្រុមស៊ើបអង្កេតរួមគ្នាជាមួយប៉ូលិស និងរដ្ឋអាជ្ញា មានពេលរហូតដល់ថ្ងៃទី៦ ខែមករា ដើម្បីអនុវត្តដីកាចាប់ខ្លួននេះ។
ប្រសិនបើលោក Yoon ត្រូវបានចាប់ខ្លួន នោះលោកនឹងត្រូវបញ្ជូនទៅទីស្នាក់ការកណ្តាលនៃការិយាល័យស៊ើបអង្កេតមន្រ្តីជាន់ខ្ពស់នៅទីក្រុង Gwacheon។ ហើយក្នុងរយៈពេល ៤៨ម៉ោងក្រោយ ការិយាល័យស៊ើបអង្កេតមានសិទ្ធិស្នើសុំដីកាចាប់ខ្លួនជាផ្លូវការ ឬដោះលែង៕




ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា