មេធំហេសបូឡាសថាត្រៀមសងសឹក អ៊ីស្រាអែលបំពានបទឈប់បាញ់

បរទេស៖ លោក Naim Qassem ប្រមុខក្រុមហេសបូឡា បាននិយាយ កាលពីថ្ងៃសៅរ៍ថា ក្រុមរបស់ខ្លួនបានត្រៀមរួចជាស្រេច ដើម្បីឆ្លើយតបចំពោះការរំលោភបទឈប់បាញ់ របស់អ៊ីស្រាអែល។

លោក Qassem បាននិយាយថា ក្រុមសកម្មប្រយុទ្ធ ហេសបូឡាស ត្រូវបានរៀបចំដើម្បីឆ្លើយតបទៅនឹងការរំលោភបទឈប់បាញ់ របស់អ៊ីស្រាអែល នៅមុនពេលកំណត់រយៈពេល ៦០ថ្ងៃ សម្រាប់អ៊ីស្រាអែល ក្នុងការដកខ្លួន ចេញពីភាគខាងត្បូងរបស់ប្រទេសលីបង់។ លោកអះអាងថា
ក្រុមហេសបូឡាស បានសម្រេចចិត្ត បង្ហាញការអត់ធ្មត់ ប៉ុន្តែ បានព្រមានថា នឹងមិនស្ថិតស្ថេរ ជារៀងរហូត នោះទេ។

ជាមួយគ្នានេះ កងកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ បានចោទប្រកាន់អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ផងដែរ។ គេអះអាងថា អ៊ីស្រាអែល បានរំលោភបំពាន ដ៏គួរឱ្យភ្ញាក់ផ្អើល លើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខឆ្នាំ២០០៦ ដែលជាមូលដ្ឋាន ជំរុញឲ្យមានបទឈប់បាញ់ កាលពីខែវិច្ឆិកា ជាមួយក្រុមហេសបូឡា។

គួររម្លឹកថា កិច្ចព្រមព្រៀងបទឈប់បាញ់ ដ៏ផុយស្រួយ បានចូលជាធរមាន នៅថ្ងៃទី ២៧ ខែវិច្ឆិកា បន្ទាប់ពីរយៈពេល ពីរខែ នៃការប្រយុទ្ធគ្នា យ៉ាងខ្លាំងក្លា រវាងអ៊ីស្រាអែល និងភាគីលីបង់ ដែលមានក្រុមសកម្មប្រយុទ្ធ ហេសបូឡាស គាំទ្រដោយអ៊ីរ៉ង់ ដ៏មានឥទ្ធិពល។

យ៉ាងណាមិញ អ៊ីស្រាអែល ក៏បានចោទប្រកាន់ ក្រុមហេសបូឡា ថា បានរំលោភ បទឈប់បាញ់ ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner