GVAដឹកនាំសិស្សានុសិស្ស១៨៣នាក់សិក្សាស្វែងយល់ពីជីវប្រវត្តប្រាទសំបូរព្រៃគុក
កំពង់ធំ៖ ដោយមើលឃើញពីសារៈសំខាន់នៃដំណើរទស្សនកិច្ចសិក្សាមានភាពចាំបាច់ចំពោះការអប់រំដល់សិស្សានុសិស្សបន្ថែមពីការសិក្សានៅក្នុងសាលារៀន ដែលជាចំណេះដឹងនៅក្រៅសាលារៀន ផ្តល់នូវបទពិសោធន៍ ពង្រឹងភាពរឹងមាំ សេចក្តីក្លាយហានមុះមុត និងមានទំនូលខុសត្រូវខ្ពស់ ពិសេស បានជួយឱ្យសិស្សដែលជាកូនខ្មែរជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួនបានកាន់តែច្បាស់ សាលា ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ ហៅកាត់ថា GVA បានដឹកនាំសិស្សានុសិស្សថ្នាក់អនុវិទ្យាល័យពីថ្នាក់ទី៧ដល់ទី៩ចំនួន១៨៣នាក់ និងគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូជាបុគ្គលិក ធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់រយៈពេល១យប់២ថ្ងៃ នៅប្រាសាទសំបូរព្រៃគុក ក្នុងទឹកដីខេត្ត កំពង់ធំ។
ដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សបានសិក្សាស្វែងយល់យ៉ាងស៊ីជម្រៅនិងច្បាស់លាស់អំពីជីវៈប្រវត្តនៃដំណើរកកើតប្រាសាទសំបូរព្រៃគុក ក្រោមការពន្យល់ពីមគ្គុទេសទេសចរណ៍ជំនាញ។
លោក អន ប៊ុនណ្ណា គ្រូបង្រៀនផ្នែកសិល៍ធម៌ពលរដ្ឋវិជ្ជា និងអ្នកគ្រូ លី សុខណៃ គ្រូគីមីវិជ្ជា សាលារៀន ហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ បានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា បានថ្លែងពន្យល់ថា ទស្សនកិច្ចដែលបានបង្កើតឡើងដោយសាលាមកកាន់ប្រាសាទសំបូរព្រៃគុក ក្នុងទឹកដីខេត្ត កំពង់ធំនាពេលនេះ គឺសាលាមានគោលបំណងចង់ឱ្យសិស្សានុសិស្សបានយល់ដឹងបន្ថែម ពីការសិក្សានៅក្នុងសាលារៀន ។ ទស្សនកិច្ចសិក្សានៅក្រៅសាលាដោយការចុះមកដោយផ្ទាល់ នៅតាមតំបន់ប្រវត្តិសាស្រ្ត ដូចជាប្រាសាទបុរាណនេះ បានជួយឱ្យសិស្សបានយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តរបស់ខ្លួន ពិសេស បានជួយឱ្យសិស្សដែលជាកូនចៅជំនាន់ក្រោយ មានផ្នត់គំនិត ចេះចូលរួមថែរក្សានិងអភិរក្សការពារផ្សព្វផ្សាយអ្វីដែលជាកេរ្តិ៍ដំណែលមរតកដូនតាជំនាន់មុនឱ្យកាន់តែល្បីល្បាញទៅកាន់ឆាកជាតិនិងន្តរជាតិ។ក្រៅពីយល់ដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួន ទស្សនកិច្ចសិក្សានេះ ក៏បានផ្តល់ជូនដល់សិស្ស នូវបទពិសោធន៍ ពង្រឹងភាពរឹងមាំ សេចក្តីក្លាយហានមុះមុត និងមានទំនូលខុសត្រូវខ្ពស់ ទុកជាទុនសម្រាប់អនុវត្តនៅពេលអនាគតខាងមុខផងដែរ។
សិស្សានុសិស្សបានចូលរួមក្នុងសទ្សនកិច្ចសិក្សា បានបង្ហាញចំណាប់អារម្មណ៍ដែរថា មកទស្សនានិងសិក្សាស្វែងយល់ដោយផ្ទាល់នៅប្រាសាទបុរាណសំបូរព្រៃគុក ពិតជាមានមោទនភាព ចំពោះស្នាដៃបុព្វបុរសខ្មែរដែលជាដូនតាជំនាន់មុនខ្លាំងណាស់ ។ ក្នុងនាមជាកូនខ្មែរជំនាន់ក្រោយ នឹងចូលរួមការពារអភិរក្សថែរក្សាផ្សព្វផ្សាយឱ្យកាន់តែល្បីល្បាញបន្ថែមទៀត។
ទស្សនកិច្ចសិក្សានៅក្រៅសាលាត្រូវបានសាលារៀនហ្គោលដិន វ៉ាលី អាកាដឺមី អហ្វហូប វើលវ៉ាយ ហៅកាត់ថា GVA ចាត់ទុកជាផ្នែកមួយយ៉ាងសំខាន់ ដែលជួយឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងនៅក្រៅសាលា ដែលជាមើលឃើញនិងសិក្សាដោយផ្ទាល់ពុំបានរៀននៅក្នុងសាលា។ ព្រោះចំណេះដឹងនៅក្រៅសាលាទាំងនេះ បានបង្ហាត់បង្រៀនដល់កូនសិស្ស ចេះកសាងនូវមិត្តភាព សាមគ្គីភាព ភាពក្លាហាន រឹងមាំង និងទំនូលខុសត្រូវខ្ពស់ ជាបទពិសោធន៍ ប្រើប្រាស់ក្នុងជីវិតការងារ នាពេលអនាគត៕










ថត ដោយ ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ