មេដឹកនាំសម្ព័ន្ធសហជីពជាតិ៖ ដំណើរការនៃការនាំចេញរបស់វិស័យឧស្សាហកម្មកាត់ដេរ សំលៀកបំពាក់​ ស្បែកជើង​ និងសម្ភារៈធ្វើដំណើរ​ទៅកាន់ទីផ្សារអឺរ៉ុប​ EU នៅតែមានស្ថានភាពល្អប្រសើរ

លោក ហ្វា សាលី មេដឹកនាំសម្ព័ន្ធសហជីពជាតិ​ ដែលធ្វើការងារលើវិស័យឧស្សាហកម្មកាត់ដេរ សំលៀកបំពាក់​ ស្បែកជើង​ និងសម្ភារៈធ្វើដំណើរ​ បានបញ្ជាក់ថា ដំណើរការនៃការនាំចេញរបស់វិស័យនេះទៅកាន់ទីផ្សារអឺរ៉ុប​ EU នៅតែមានស្ថានភាពល្អប្រសើរ បើទោះបីជាមានការកាត់បន្ថយប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន 20% តាំងពីឆ្នាំ២០១៨ ក៏ដោយ។

លោកបានបន្ត ក្រៅពី EBA ដែលជាប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប ការនាំចេញវិស័យកាត់ដេរ ជាពិសេសកាបូប ក៏ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ GSP ពីសហរដ្ឋអាមេរិក​ដែរ។ បើផ្អែកលើស្ថានភាពនយោបាយ សិទ្ធិមនុស្ស សិទ្ធិការងារនៅកម្ពុជា និងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកក្រោមការដឹកនាំអាណត្តិទី២ របស់លោក ដូណាល់​ ត្រាំ គឺក្នុងនាមជាសហជីព យើងសង្ឃឹមជឿជាក់ថាកម្ពុជាមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបាន GSP បន្តទៀត ដោយមិនប្រកាន់លើភូមិសាស្ត្រនយោបាយ​ និងប្រាកដជាយល់អំពីកម្ពុជា​ ដែលជាប្រទេសឯករាជ្យ​ ប្រជាធិបតេយ្យ​ និងសង្ឃឹមថាអាណត្តិនេះ​ នឹងមានការវិនិយោគក្រុមហ៊ុនអាមេរិកលើទឹកដីកម្ពុជា​។

លោក ហ្វា សាលី សង្ឃឹមថា​ អ្នកនយោបាយបក្សប្រឆាំង​ ឬសហជីពបម្រើបរទេស​ គួរជួយអំពាវនាវ​ដល់អាមេរិកក្នុងការវិនិយោគនៅកម្ពុជា​ ជៀសវាងដើរបាតុកម្មឱ្យគេកាត់ផ្តាច់ EBA ឬGSP ពីកម្ពុជា​ ដើម្បីតែមហិច្ចតារបស់ខ្លួន​ ភ្លេចពលរដ្ឋ​ និងកម្មករដែលកំពុងធ្វើការយ៉ាងសប្បាយរីករាយ​នឹងប្រាក់ឈ្នួលថ្មី​ 208$៕
ដោយ៖ពលជ័យ

ads banner