ឆ្នាំ ២០២៤ ជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រាកោះតៃវ៉ាន់

តៃប៉ិ ៖ រដ្ឋបាលឧតុនិយមកណ្តាលកោះតៃវ៉ាន់ (CWA) បានឱ្យដឹងនាពេលថ្មីៗនេះថា កោះតៃវ៉ាន់បានជួបប្រទះឆ្នាំមានអាកាសធាតុក្តៅបំផុតក្នុងកំណត់ត្រាកាលពីឆ្នាំ ២០២៤ ជាមួយនឹងសីតុណ្ហភាពជាមធ្យម ២៤.៩៧អង្សាសេ។

នាយកមជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមកោះតៃវ៉ាន់ (CWA) លោក Chen Yi-liang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា សីតុណ្ហភាពជាមធ្យមក្នុងឆ្នាំ ២០២៤ គឺខ្ពស់ជាងកំណត់ត្រាពីមុនដែលមានត្រឹម ២៤.៩១អង្សាសេ ដែលបានកត់ត្រក្នុងឆ្នាំ ២០២០ និង ១.៦៦អង្សាសេលើសពីមធ្យមភាគក្នុងរយៈពេល ១០០ឆ្នាំរបស់កោះតៃវ៉ាន់ ពីឆ្នាំ ១៩០១ ដល់ឆ្នាំ ២០០០។

ទិន្នន័យអាកាសធាតុឆ្នាំ ២០២៤ ត្រូវបានចងក្រងដោយផ្អែកលើកំណត់ត្រាសីតុណ្ហភាពគិតត្រឹមថ្ងៃទី២៩ ខែធ្នូ នៅស្ថានីយឧតុនិយមចំនួន ៦ទីតាំង។ លោក Chen បន្តថា ស្ទើររៀងរាល់ខែក្នុងឆ្នាំ ២០២៤ គឺមានសីតុណ្ហភាពក្តៅជាងមធ្យម លើកលែងតែខែធ្នូ ដែលត្រជាក់ជាង ០.៥អង្សាសេ។

ក្រឡេកទៅមើលឆ្នាំ ២០២៥វិញ លោក Chen បាននិយាយថា ចាប់ពីខែមករា ដល់ខែមីនា មជ្ឈមណ្ឌល CWA បានព្យាករណ៍ពីសីតុណ្ហភាពជិតដល់មធ្យម និងបរិមាណទឹកភ្លៀងពីធម្មតាទៅទាប ជាពិសេសនៅតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃកោះតៃវ៉ាន់ ដែលអាចនឹងជួបប្រទះរដូវប្រាំងយូរជាងរដូវរងា។

យោងតាមក្រុមហ៊ុនធានារ៉ាប់រងខ្នាតយក្ស Swiss Re ដែលមានមូលដ្ឋាននៅទីក្រុង Zurich ប្រទេសស្វីស បានប៉ាន់ស្មានថា គ្រោះមហន្តរាយធម្មជាតិនៅជុំវិញពិភពលោក បានបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចចំនួន ៣១០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner