ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បង្ហាញផែនការយុទ្ធសាស្ត្រសហព័ន្ធវាយកូនឃ្លីលើតុតៀមឆ្ពោះទៅកីឡាយុវជនអាស៊ីឆ្នាំ២០២៩
(ភ្នំពេញ)៖ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានបង្ហាញផែនការយុទ្ធសាស្ត្រចម្បងៗចំនួន៤ ដើម្បីបន្តផែនការអភិវឌ្ឍជំនាញកីឡាវាយកូនឃ្លីលើតុកម្ពុជា ជាពិសេសគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ២០២៩។
នៅក្នុងឱកាសបិទការប្រកួតវាយកូនឃ្លីលើតុ ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធ លើកទី៣ ប្រចាំឆ្នាំ២០២៤ ដើម្បីអបអរទិវាជ័យជម្នះ៧មករា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃនេះ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ គូសបញ្ជាក់ពីគោលបំណងចម្បងៗចំនួន៤ គឺ១- បំផុសស្មារតី និងបណ្តុះបណ្តាលបច្ចេកទេសគ្រូបន្ថែមនៅតាមគ្រឹះស្ថានសិក្សានានា។ ២-ត្រៀមបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេសរៀបចំការប្រកួត។ ៣-ត្រៀមបញ្ជូនកីឡាករ កីឡាការិនី និងគ្រូ មួយចំនួន ទៅធ្វើការហ្វឹកហាត់នៅប្រទេសចិនដំណាក់កាលទី៣ និងប្រទេសផ្សេងៗទៀត។ និងទី៤.ត្រៀមកីឡាករ កីឡាការិនីផ្ទាល ចូលហ្វឹកហាត់ដើម្បីត្រៀមកីឡាយុវជនអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៩។ សម្រាប់ការប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធនេះជាការបំផុសដល់ស្រទាប់មហាជន និងសិស្ស-និស្សិត រាជធានី-ខេត្ត ដើម្បីលើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាពរបស់កីឡាករ កីឡាការិនី និងបណ្តុះគណៈកម្មការឱ្យទទួលបាននូវបទពិសោធន៍ខ្ពស់ ក្នុងការរៀបចំ ត្រៀមខ្លួន ក្នុងការរៀបចំការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិនានា រួមទាំងគោលដៅ កីឡាយុវជនអាស៊ី ២០២៩ផងដែរ៕






ថត ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ