នគរបាលខណ្ឌឫស្សីកែវ ប្រគល់ម៉ូតូជូនទៅម្ចាស់ ជាជនជាតិបង់ក្លាដេស ក្រោយទុកចោល និងពុំបានចាក់សោរ ក
(ភ្នំពេញ)៖ បុរសជាជនជាតិបង់ក្លាដេស ម្នាក់ បានមកយកម៉ូតូ របស់ខ្លួនវិញ ក្រោយពីទុកចោល និងពុំបានចាក់សោរកម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអោយដឹងនៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ថា កម្លាំងល្បាត ប្រទះឃើញម៉ូតូ ០១គ្រឿង ម៉ាក HONDA CLICK ពណ៌ស ផ្លាកលេខ ភ្នំពេញ 1FG-8519 ទុកចោលនៅចំណុចខាងលើ ទើបសមត្ថកិច្ច យកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២។
ក្រោយមកសមត្ថកិច្ច ក៏បានធ្វើការស្រាវជ្រាវ រកម្ចាស់ម៉ូតូឃើញវិញ និងបានប្រគល់ឱ្យសាមីខ្លួនវិញ ។
លោកអធិការ បន្តថា ម្ចាស់ម៉ូតូឈ្មោះ HOSSEN MDBELAYET អាយុ ៥០ឆ្នាំ ជនជាតិបង់ក្លាដេស មានទីលំនៅផ្ទះជួល ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មូលហេតុកូនប្រុសរបស់គាត់ យកម៉ូតូជិះមកលេងផ្ទះ មិត្តភ័ក្តិ នៅចំណុចកើតហេតុ ហើយដេកលក់បាត់ ភ្លេចយកម៉ូតូចូលក្នុងផ្ទះ ៕





ដោយ ៖ វណ្ណលុក