កម្ពុជា និងឥណ្ឌូនេស៊ី ស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មអង្ករ និងឧស្សាហកម្មអាហារហាឡាល់
(ភ្នំពេញ)៖ កម្ពុជា និងឥណ្ឌូនេស៊ី ស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មអង្ករ និងសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់ ។ នេះបើតាមលទ្ធផលនៃជំនួបដែល ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបសម្តែងការគួរសមរបស់ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីការគាំទ្ររបស់ ប្រទេសឥណ្ឌូណេស៊ីចំពោះដំណើរការសន្តិភាពនៅកម្ពុជា និងបានកោតសរសើរចំពោះទំនាក់ទំនង ទ្វេភាគីដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ លើវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត មានសេចក្តីសោមនស្សរីករាយ ចំពោះការផ្លាស់ប្តូរកម្រិតខ្ពស់ដ៏កក់ក្តៅ និងប្រកបដោយមិត្តភាពរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងជោគជ័យនៃកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ី សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (The 5th JCBC) ដែលបានប្រព្រឹត្តទៅកាលពីខែសីហា ឆ្នាំ២០២៤ ដោយបាន ពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត មានទស្សនៈរួមគ្នាថា ប្រទេសទាំងពីរ មានឱកាសច្រើនថែមទៀតក្នុងការពង្រីកពាណិជ្ជកម្មទ្វេភាគី ដែលមានកំណើនទឹកប្រាក់លើសពីមួយប៊ីលានដុល្លារអាមេរិករួចមកហើយនៅក្នុងឆ្នាំ២០២៣ ហើយបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានសង្កត់ធ្ងន់លើ ភាពចាំបាច់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការអប់រំ ទេសចរណ៍ និង ជើងហោះហើរត្រង់បន្ថែមទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ តាមរយៈកម្មវិធីពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទន្ទឹងរង់ចាំជួបសន្ទនាជាមួយសមភាគីឥណ្ឌូណេស៊ី នាពេលខាងមុខ ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រវាងកម្ពុជា និងឥណ្ឌូណេស៊ី រួមទាំងក្រោមក្របខ័ណ្ឌអាស៊ានផងដែរ៕





អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ