ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រះស្តេច ដាក់គោលដៅបន្តជួយដល់ពលរដ្ឋក្នុងមូលដ្ឋាន លើវិស័យកសិកម្ម និងអប់រំ នៅឆ្នាំ២០២៥

(ព្រៃវែង)៖ ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រះស្តេច បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជំនះ៧មករា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ថា សម្រាប់ឆ្នាំ២០២៥នេះ ឯកឧត្តម នឹងបន្តជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើវិស័យកសិកម្ម និងអប់រំ ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ កាន់តែមានជីវភាពល្អប្រសើរ។

ឯកឧត្តម ហ៊ឺ បាវី បានចាត់ទុកវិស័យកសិកម្ម ជាវិស័យមួយ ដែលមានសក្តានុពល ក្នុងការជួយ ឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មានភាពរីកចម្រើន។ ជាក់ស្តែង បើទោះបីជាកន្លងមក មានវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី ប៉ុន្តែ ប្រទេសកម្ពុជា មិនរងផលប៉ះពាល់ខ្លាំងនោះទេ ដោយសារកម្ពុជា ជាប្រទេសមានអ្នកធ្វើកសិកម្មច្រើន ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានប្តេជ្ញាបន្តជួយលើវិស័យអប់រំផងដែរ តាមរយៈការផ្តល់នូវសម្ភារសិក្សា មានដូចជាកុំព្យូទ័រ និងការលើកទឹកចិត្ត សម្រាប់សិស្សដែលប្រឡង ទទួលបាននិទ្ទេសល្អ ដើម្បីឱ្យសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យក្លាយជាធនធានមនុស្ស មានសក្តានុពល ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ឺ បាវី ក៏បានថ្លែងអំណរគុណ ចំពោះគោលនយោបាយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱ្យមាននូវមន្ត្រីកសិកម្ម ប្រចាំតាមមូលដ្ឋាន ដើម្បីជួយដល់ប្រជាកសិករ ក្នុងការធ្វើកសិកម្ម ហើយសង្ឃឹមថា រាជរដ្ឋាភិបាល នឹងមានគោលនយោបាយ ឬក៏កម្មវិធីផ្សេងៗទៀត ដើម្បីជួយដល់កសិករ។

គួរជម្រាបថា គិតចាប់តាំងពីឆ្នាំ២០០០មក ឯកឧត្តម ហ៊ឺ បាវី បានចាប់ផ្តើមជួយលើវិស័យកសិកម្ម នៅក្នុងស្រុកព្រះស្តេច ជាក់ស្តែងប្រព័ន្ធធារាសាស្ត្រ រាប់រយគីឡូម៉ែត្រ ទាំងប្រឡាយមេ និងប្រឡាយជើងក្អែប ត្រូវបានសាងសង់ឡើង ដោយមានការសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងមានការបណ្តុះបណ្តាលពីមន្ត្រីជំនាញ ដើម្បីជួយដល់ប្រជាកសិកម្ម ឱ្យមានលទ្ធភាព កាន់តែខ្ពស់ ក្នុងការដាំដុះស្រូវ។

ឯកឧត្តម ហ៊ឺ បាវី បានបញ្ជាក់ថា កន្លងមកកសិករ ក្នុងមូលដ្ឋាននេះ អាចធ្វើស្រែបានតែ១លើកប៉ុណ្ណោះ ក្នុង ១ឆ្នាំ ហើយពេលខ្លះ ស្រូវស្កកទៅទៀត ដោយសារខ្វះទឹក ប៉ុន្តែមកទល់បច្ចុប្បន្ន ពួកគាត់ អាចធ្វើស្រែបានដល់ ២លើកក្នុងមួយឆ្នាំ និងកន្លែងខ្លះ រហូតដល់៣លើកក្នុងមួយឆ្នាំ ដោយសារមានទឹកគ្រប់គ្រាន់ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋ មានភាពធូរធារជាងមុន ។

គួរបញ្ជាក់ដែរថា ថ្ងៃ ៧ កមករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិញឡើងវិញពីជ្រោះមរណៈ នៃបនប្រល័យពូជសាសន៍។ ៧ មករាកើតចេញពីការងើបឡើងតស៊ូរបស់យុទ្ធជន ដែល មិនអាចទ្រាំឃើញប្រជាជនរងទុក្ខវេទនា ក្នុងសោកនាដកម្មអស់រយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ។ បើគ្មានការចាកចេញទៅស្វែងរកការសង្រ្គោះជាតិរបស់សម្តេចតេជោ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងការប្រមូលផ្តុំកម្លាំងពីទិសនានា ក៏គ្មានរណ សិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជាដែរ។ បើគ្មាន ២ ធ្នូ ១៩៧៨ ក៏មិនមាន ៧ មករា ១៩៧៩ ដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបាន៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner