ឯកឧត្ដម ឃួង ស្រេង អញ្ជើញពិនិត្យស្ថានភាពប្រឡាយជាច្រើនដើម្បីរិះរកគ្រប់មធ្យោបាយរំដោះទឹក លិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខ

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ មករា២០២៥នេះ បានដឹកនាំមន្ទីរជំនាញ រដ្ឋបាលរាជធានី ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ ខណ្ឌប្ញស្សីកែវ ចុះពិនិត្យទីតាំងប្រឡាយអូរអាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបន្តរហូតដល់ ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ខណៈដែលស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩នេះបាននិងកំពុងសាងសង់ជិតរួចរាល់ ។

ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ត្រីជំនាញរដ្ឋបាលរាជធានីធ្វើយ៉ាងណា រិះរកគ្រប់មធ្យោបាយរំដោះទឹកចេញក្រៅក្រុងដោះស្រាយឱ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះ ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរជំនាញពង្រីកនិងស្តារប្រឡាយអូរអាគុជ រហូតដល់ប្រឡាយមេខាងជើងរាជធានី ធ្វើការដាក់លូជ្រុងទំហំ ៤ម៉ែត្រ កាត់ផ្លូវលេខ ១០០៧ ក្នុងខណ្ឌសែនសុខ ដើម្បីរំដោះទឹកភ្លៀងនៅផ្លូវ១៩៨៦ និងតំបន់មួយចំនួនក្នុងសង្កាត់ភ្នំពេញថ្មី ដោយសារតំបន់នេះឧស្សាហ៍ទទួលរងការលិចលង់នៅពេលភ្លៀងខ្លាំងម្តងៗ ។

ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារប្រឡាយពោងពាយ ប្រឡាយអូរវែង ដល់ប្រឡាយមេខាងជើង។ ដាក់លូទំហំ ១ម៉ែត្រកន្លះ កាត់ផ្លូវលេខ ១០០៣ ដាក់លូជ្រុងនៅផ្លូវK2 ដើម្បីដោះស្រាយការលិចលង់នៅលើផ្លូវហាណូយ ធ្វើយ៉ាងណាអាចនាំទឹកហូរចូលទៅប្រឡាយពោងពាយ បន្តទៅស្ថានីយបូមទឹកកប់ស្រូវ និងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ ។

ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សិក្សាឱ្យបានលំអិតបន្ថែមទៀត ដើម្បីរំដោះទឹកភ្លៀងចេញពីផ្លូវលេខ ៥៩២ នៅតំបន់សាលារៀនបឋមសិក្សាទួលគោក ក្នុងភូមិសាស្ត្រខណ្ឌទួលគោក និងបានជំរុញអោយអាជ្ញាធរខណ្ឌធ្វើការណែនាំឱ្យប្រជាពលរដ្ឋ កុំបោះសំរាម ចូលក្នុងឡាយទឹក។សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner