រដ្ឋបាលខេត្តកំពង់ធំបញ្ជាក់ពីគុណូបការៈនៃទិវាជ័យជម្នះ៧ មករា
កំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥បានប្រារព្ធមីទ្ទីងអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា (៧ មករា១៩៧៩ – ៧មករា ឆ្នាំ២០២៥ )នៅបរិវេណសួនមាត់ស្ទឹងសែននៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានមន្រ្តីរាជការ កងម្លាំងប្រដាប់អាវុធ មហាជនចូលរួមយ៉ាងច្រើនកុះករ ។
ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តជ័យជម្នះ៧មករា ខួបលើកទី៤៦ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអាន សុន្ទរកថាដ៏មានអត្ថន័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជន កម្ពុជាក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា។
ឯកឧត្តម នួន ផារ័ត្ន បានគូសបញ្ជាក់ថា យើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ក៏ដោយសារមានថ្ងៃ៧មករា ឆ្នាំ១៩៧៩។យើង មានសុខសន្តិភាព និងឯកភាពជាតិពេញលេញ ដោយសារការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ និងការបែកបាក់ជាតិក្នុងរយៈពេលជាង៥០០ឆ្នាំកន្លងមក ។កម្ពុជាមានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ១៩៩៨។
ក្នុងឱកាសនោះដែរ លោកស្រី សុខ ស្រីលីន តំណាងអង្គមីទ្ទីង បានប្ដេជ្ញាចិត្តដាច់ខាតការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្តេជ្ញាការពារសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃ ឱ្យនៅគង់វង្សជារៀងរហូត៕
ដោយ៖ ប៊ុន រដ្ឋា