អភិបាលខេត្ត៖ បន្ទាប់ពីថ្ងៃ៧មករា ខេត្តកំពង់ចាមទទួលបានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់
កំពង់ចាម៖អភិបាលនៃគណៈអភិបាលខេត្តំពង់ចាមឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា ក្នុងរយៈពេលជាង៤ ទសវត្សរ៍ បន្ទាប់ពីថ្ងៃ៧មករា ១៩៧៩ មកដល់ពេលនេះ ខេត្តកំពង់ចាម ទទួលបានការអភិវឌ្ឍនិងរីកចម្រើនគួរឱ្យកត់សម្គាល់ពោល ជីវភាពប្រជាជនជារួម និងដោយឡែកសម្រាប់ខេត្តកំពង់ចាមមានជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។
កាលពីព្រឹកថ្ងៃទី៧ ខែមករា រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្ធមីទ្ទីងរំឭកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំម្នះ ៧មករា ឆ្នាំ១៩៧៩-២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។
ភ្ជាប់ជាមួយសមិទ្ធផលដែលកើតចេញពីទិវាជ័យជម្នះ៧មករា១៩៧៩ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា នៅឆ្នាំ២០២៤ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានកំណើន ៨,៦% ស្មើនឹង ២.៦៥៧លានដុល្លារ ក្នុងនោះ វិស័យកសិកម្ម មានទំហំ ១.០៣៤ លានដុល្លា, វិស័យឧស្សាហកម្ម មានទំហំ ៨៥៧ លានដុល្លារ និងវិស័យសេវាកម្មមានទំហំ ៧៦៦លានដុល្លា និងជីឌីភី(GDP)សម្រាប់មនុស្សម្នាក់ៗ ចំនួន ២.៣១១ដុល្លារក្នុងមួយឆ្នាំ។ តាមការរំពឹងទុកនៅឆ្នាំ២០២៥ ខេត្តកំពង់ចាម ទំហំសេដ្ឋកិច្ចនឹងកើនដល់ ២.៨៦៧លានដុល្លារនិងជីឌីភីប្រជាពលរដ្ឋម្នាក់ៗនឹងកើនដល់២.៤៧៨ដុល្លារក្នុងមួយឆ្នាំ។
ឯកឧត្ដមអភិបាលខេត្តបានបន្តថា ក្នុងឆ្នាំ២០២៤នេះដែរ ខេត្តកំពង់ចាមទទួលបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាល កៅស៊ូ DBST ចំនួន ២៧ខ្សែ ស្មើជាងប្រវែង១១៩គីឡូម៉ែត្រ, ផ្លូវបេតុងចំនួន ២០៧ខ្សែប្រវែងជាង ៨៩ គីឡូម៉ែត្រ និងផ្លូវដីចំនួន ៣៨ខ្សែប្រវែងជាង១៥៥គីឡូម៉ែត្រ។ក្រៅពីនេះនៅមានសមិទ្ធផលនានាជាច្រើនទៀតដែលបានទទួលពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមមាន ទីលានទុកដាក់សំរាមក្រុងកំពង់ចាម តាមលក្ខណៈស្តង់ដាបច្ចេកទេស, គម្រោងសាងសង់ប្រព័ន្ធលូ ដោះទឹកកខ្វក់ និងលូដោះទឹកភ្លៀង និងគម្រោងទឹកស្អាត។ល។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសង្កត់ធ្ងន់ថា កត្តាសន្តិសុខនិងសន្តិភាព ក្នុងប្រទេសគឺជាមូលដ្ឋានគ្រឹះ មិនអាចខ្វះបាន ៕
ដោយ៖លី ពៅ