លោក ហេង សំណាង៖ ថ្ងៃទី៧ មករា ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋខ្មែរ
ភ្នំពេញ៖ លោក ហេង សំណាង ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជា នៃខុទ្ធកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត «ខ១១» បានបញ្ជាក់ថា ថ្ងៃទី៧ មករា ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរចាប់ពីពេលនោះមក។ រហូតមកដល់បច្ចុប្បន្ន ស្មារតី៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរពដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន។
ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា(០៧.០១.១៩៧៩ – ០៧.០១.២០២៥) កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។
លោកបន្តថា កាលពី៤៦ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបំបិទមិនឱ្យមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សាជាថ្មីលើឆាកអន្តរជាតិ។ លោកបន្ថែមថា ក្នុងនាមយុវជនកម្ពុជាជំនាន់ក្រោយដែលយល់ច្បាស់ពីសច្ចធម៌ប្រវត្តិសាស្ត្រ យើងខ្ញុំសូមឆ្លៀតឱកាស នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហមខួបលើកទី៤៦ និង ក្នុងការកោតសរសើរ អបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានងើបពីការបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតសម្រេចបានសមិទ្ធផលគ្រប់វិស័យក្នុងរយៈពេល៤៦ឆ្នាំមកនេះ។
លោកសង្កត់ធ្ងន់ទៀតថា ដើម្បីបន្តថែរក្សា ការពារ និងកសាងសមិទ្ធផលបន្ថែមទៀតដល់កូនចៅយើងជំនាន់ក្រោយគណៈកម្មការគណបក្សប្រជាជនកម្ពុជា «ខ១១» សូមប្តេជ្ញាការពារអនាគតព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាថា កម្ពុជា ជាប្រជាជាតិ មានភាពសម្បូរសប្បាយ, កម្ពុជា មានភាពរឹងមាំនខឿនការពារជាតិ និងសន្តិសុខជាតិ, និងដើម្បីកម្ពុជាមានភាពធន់ នៃខឿនសេដ្ឋកិច្ច និងពោរពេញដោយឱកាស។ ជាមួយគ្នានេះ សមាជិកសមាជិកានៃ គណៈកម្មការគណបក្ស «ខ១១» សូមប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រោមគោលនយោបាយឈ្នះ ឈ្នះ ដែលស្របទៅនឹងគោលនយោបាយបញ្ចកោណដំណាក់កាលទី១៕
ដោយ៖ពលជ័យ