អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់របស់ក្រុមប្រឆាំងជ្រុលនិយម ករណីឃាតកម្មបាញ់សម្លាប់អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសថៃ
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានច្រានចោលចំពោះការចោទប្រកាន់គ្មានភស្តុតាង និងគ្មានមូលដ្ឋានច្បាស់លាស់ពីសំណាក់ក្រុមប្រឆាំងជ្រុលនិយម អង្គការសង្គមស៊ីវិល និងប្រព័ន្ធឃោសនាមួយចំនួនពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់លោក លិម គឹមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ខណៈដែលសមត្ថកិច្ចថៃកំពុងតែធ្វើការស៊ើបអង្កេតស្រាវជ្រាវក្នុងការស្វែងរកឃាតករដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ពាក់ព័ន្ធករណីនេះ កម្ពុជានិងថៃ គឺជាប្រទេសអធិបតេយ្យភាពពីរផ្សេងគ្នា ហើយរាជរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវតែចំពោះអ្វីដែលបានកើតឡើងនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ។ កម្ពុជាគ្មានសមត្ថកិច្ចអ្វីទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើងនៅលើដែនដីអធិបតេយ្យភាព នៃប្រទេសដទៃឡើយ។ ជាអ្នកនយោបាយក្តី ឬអង្គការសង្គមស៊ីវិលក្តី ត្រូវយល់ឱ្យបានច្បាស់កន្លែងនេះ និងត្រូវចេះបែងចែកមុននឹងធ្វើសេចក្តីថ្លែងការណ៍ចោទប្រកាន់មកលើគេ។ ករណីឃាតកម្មដែលកើតនៅលើប្រទេសថៃសូមទុកឱ្យសមត្ថកិច្ចថៃស៊ើបអង្កេត និងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមានរបស់ប្រទេសថៃ ហើយចាំគេមានលទ្ធផលយ៉ាងណាចាំលើកយកមកនិយាយ មិនអាចចេះតែមកចោទប្រកាន់គេគ្មានភស្តុតាង និងគ្មានមូលដ្ឋានអ្វីទាំងអស់ដូច្នេះទេ។
ឯកឧត្តមបានបន្តថា វប្បធម៌លាបពណ៌មួលបង្កាច់មកលើរាជរដ្ឋាភិបាលដោយគ្នាភស្តុតាង បានក្លាយទៅជាអត្តសញ្ញាណរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាអស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយរាប់ទាំងក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក និងអង្គការបរទេសមួយចំនួនផង។ ពួកគេតែងតែធ្វើសេចក្តីថ្លែងការណ៍ចោទប្រកាន់ទម្លាក់កំហុសដោយគ្មានការទទួលខុសត្រូវ គ្មានវិជ្ជាជីវៈ និងគ្មានភស្តុតាងអ្វីទាំងអស់ទៅតាមរបៀបវារៈនយោបាយរបស់បែបទុច្ចរិតដែលលាក់ទុកនៅពីក្រោយខ្នង។
នយោបាយស្មោគគ្រោកបែបនេះរបស់ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយទណ្ឌិតសម រង្ស៊ី គឺតែងតែប្រើវិធីនឹង គឺអត់មានអីចម្លែកទេសម្រាប់ប្រជាពលរដ្ឋខ្មែរ។ កន្លេងទៅសូម្បីតែជម្លោះផ្ទៃក្នុងខ្លួនឯង ជម្លោះប្តីប្រពន្ធ គ្រោះថ្នាក់ចរាចរណ៍ ឬក៏សូម្បីផឹកស៊ីស្រវឹងវៃតបគ្នាក៏គេអាចប្រែក្លាយរឿងហ្នឹងទៅជារឿងនយោបាយ ហើយទម្លាក់កំហុសចោទប្រកាន់មកលើអាជ្ញាធររាជរដ្ឋាភិបាលបានដែរ។ ដូច្នេះនយោបាយស្មោគគ្រោកបែបនេះវាបានរុញច្រានក្រុមប្រឆាំងជ្រុលនិយមឱ្យស្ថិតនៅឯកោបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋស្ទើរតែទាំងស្រុងទៅហើយ។ ដូច្នេះប្រជាពលរដ្ឋខ្មែរយល់ច្បាស់ណាស់អំពីនយោបាយទុច្ចរិត និងស្មោកគ្រោករបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនោះ។
ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមឱ្យអ្នកនយោបាយ អង្គការសង្គមស៊ីវិល ឬក៏ប្រព័ន្ធឃោសនាត្រូវមានការទទួលខុសត្រូវ កុំចេះតែចោទប្រកាន់មួលបង្កាច់គេ មុននឹងនិយាយអ្វីត្រូវបង្ហាញភស្តុតាង ត្រូវរង់ចាំលទ្ធផលដែលសមត្ថកិច្ចថៃស៊ើបអង្កេតច្បាស់លាស់។ កុំចេះតែនិយាយមួលបង្កាច់ចោទប្រកាន់គេដោយគ្មានភស្តុតាងតទៅទៀត ព្រោះជាអំពើខុសច្បាប់។
គួររម្លឹកឱ្យដឹងថា អតីតសមាជិករដ្ឋសភាគណបក្សប្រឆាំងកម្ពុជាម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃអង្គារ ទី៧ខែមករាឆ្នាំ២០២៥ ក្រោយបង្កហេតុ ខ្មាន់កាំភ្លើងម្នាក់បានជិះម៉ូតូពាក់មួកការពារគេចចេញពីកន្លែងកើតហេតុបាត់។ នេះបើតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានថៃហើយត្រូវបានរាយការណ៍ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។ សូមជម្រាបថា ករណីឃាតកម្មបាញ់សម្លាប់លោក លិម គឹមយ៉ា បានកើតឡើងនៅម៉ោង ៥ និង ៣០នាទី កាលពីថ្ងៃទី ៧ មករា ឆ្នាំ២០២៥ ក្បែរវត្តបុណ្ណនិវេវិហារ ប្រទេសថៃ ខណៈឃាតករប្រហារពាក់មួកសុវត្ថិភាព ជិះម៉ូតូពណ៌ក្រហម។ ប៉ូលិសបានរាយការណ៍ដោយផ្នែកលើកាំមេរ៉ាសុវត្ថិភាពថា ឃាតករ ដែលបានបាញ់សម្លាប់ លោក លឹម គឹមយ៉ា គឺជិះម៉ូតូហុងដាវេវ ១០០ សេសេ ពណ៌ក្រហម ពាក់ស្លាកលេខ ៨៤៥។ លោក លឹម គឹមយ៉ា បានធ្វើដំណើរពីខេត្តសៀមរាបតាមរថយន្តក្រុងជាមួយភរិយាជនជាតិបារាំង និងពូគាត់ម្នាក់។ តែយ៉ាងណា ជនសង្ស័យជិះម៉ូរត់គេចខ្លួនបាត់៕
ដោយ៖ពលជ័យ