កម្ពុជា សម្បូរដោយសត្វពស់ច្រើនប្រភេទ និងវាមានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី
(ភ្នំពេញ)៖ នៅប្រទេសកម្ពុជាសម្បូរទៅដោយសត្វពស់ជាច្រើនប្រភេទផ្សេងៗគ្នាក្នុងនេះមានដូចជាអំបូរពស់តុកែ, អំបូរពស់ហនុមាន ហើយនឹងអំបូរពស់ផ្សេងៗ ទៀត ដូចជាអំបូរ នៃពស់សម្លាប់កង្កែប អំបូរពស់ព្រៃនិងសាំងសឿ ហើយនឹងអំបូរពស់រំកាច់មាស។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)បានឱ្យដឹងនៅថ្ងៃទី៨ ខែមករា ឆ្នាំ ២០២៥ថា ៖ ”ពួកយើងបានឃើញវត្តមានសត្វពស់ជាច្រើនប្រភេទផ្សេងៗទៀត ក្នុងនេះដូចជាអំបូរពស់វែកប្រភេទផ្សេងគ្នា រួមទាំង ពស់វែករនាមផងដែរ។ពួកយើងរស់នៅ ក្បែរឧទ្យានជាតិ ជាហេតុនាំឲ្យពួកយើងជួបប្រទះពស់ជាប់ជាប្រចាំ” ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានលើកឡើងដែរថា”នៅពេលដែលពួកយើងជួបប្រទះសត្វពស់ទាំងនោះ ពួកយើងមិនដែលធ្វើបាបទុក្ខទោសដល់ពួកវាឡើយ ព្រោះនៅទីនេះជាផ្ទះ ជាជម្រករបស់ពួកវា” ។

មជ្ឈមណ្ឌលនេះបានឱ្យដឹងបន្ថែមថា៖ “បើក្នុងករណីចាំបាច់ បុគ្គលិករបស់ពួកយើងដែលមានការបណ្តុះបណ្តាលដោយល្អ នឹងផ្លាស់ទីតាំងសត្វពស់ទាំងនោះទៅកាន់តំបន់ដែលនៅក្បែរនោះដោយសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពដល់ទាំងអ្នកមកទស្សនា ព្រមទាំងសត្វផ្សេងៗទៀតក្រោមការថែទាំរបស់ពួកយើង” ។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានបញ្ជាក់ថា ៖ សត្វពស់មើលទៅហាក់គួរឱ្យខ្លាច ប៉ុន្តែពួកវាដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីឱ្យមានលក្ខណល្អ ហើយការប៉ុនប៉ងចាប់ ឬសម្លាប់ពួកវាកាន់តែបង្កើនឱ្យមានហានិភ័យនៃការខាំឬចឹកកាន់តែខ្លាំងឡើង ដោយសារតែពួកវាតែងតែមានប្រតិកម្មតបការពារនៅពេលដែលមានការគំរាមកំហែង ។ ហេតុនេះ ប្រសិនបើលោកអ្នកជួបប្រទះឃើញពស់ប្រភេទណាមួយ សូមមេត្តានៅឱ្យឆ្ងាយ ជៀសវាងពីការខាំ ឬចឹករបស់ពួកវា” ៕
ដោយ ៖ ម៉ាដេប៉ូ