អង់គ្លេស៖ អ្នកឈឺផ្តាសាយសង្គ្រោះបន្ទាន់កើនឡើងខ្លាំង
បរទេស៖ សេវាសុខាភិបាលជាតិ ហៅកាត់ NHS ជាច្រើន នៅក្នុងប្រទេសអង់គ្លេស បានប្រកាសពីការកើនឡើងយ៉ាងគំហុក នៃជំងឺផ្តាសាយធ្ងន់ធ្ងរ សង្គ្រោះបន្ទាន់ ហើយ ចំនួនអ្នកជំងឺផ្តាសាយទូទៅ នៅក្នុងមន្ទីរពេទ្យ បានកើនឡើងបួនដង កាលពីខែធ្នូ។
ផ្អែកតាមការចេញផ្សាយ របស់កាសែត Sky News មន្ទីរពេទ្យដ៏ធំបំផុត Royal Liverpool បានប្រកាសថា មានភាពអាសន្ន ដោយសារតែតម្រូវការដ៏ខ្ពស់ ចំពោះផ្នែកគ្រោះថ្នាក់ដល់អាយុជីវិត និងសង្គ្រោះបន្ទាន់ ហៅកាត់ A&E ខណៈដែលមានការរីករាលដាល នៃអ្នកដែលមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ។ មន្ទីរពេទ្យ Royal Liverpool បាននិយាយថា ខ្លួនកំពុងចាត់វិធានការចាំបាច់ ទាំងអស់ ដើម្បីគ្រប់គ្រងកាលៈទេសៈ ដ៏លំបាកនេះ។
មន្ទីរពេទ្យ ក៏បានព្រមាន ពីមនុស្សមួយចំនួន ដែលនឹងជួបប្រទះ បញ្ហាពន្យារពេលព្យាបាល ដោយសារ ខ្លួនផ្តល់អាទិភាពដល់អ្នកជំងឺដែលឈឺធ្ងន់ធ្ងរ ហើយ អ្នកជំងឺដែលមិនធ្ងន់ធ្ងរ ត្រូវជំរុញ ឱ្យទៅជួបគ្រូពេទ្យ ឱសថស្ថាន ឬ ទៅមើលមជ្ឈមណ្ឌល ដែលនៅជិតបំផុត ឬ ហៅទៅកាន់លេខ ១១១ ដើម្បីទទួលបានដំបូន្មាន បឋម។
មន្ទីរពេទ្យធំៗ ផ្សេងទៀត សុទ្ធតែបានប្រកាសពីឧប្បត្តិហេតុធ្ងន់ធ្ងរ ស្រដៀងគ្នានេះ ផងដែរ កាលពីថ្ងៃអង្គារ។ ជាក់ស្តែង មន្ទីរពេទ្យ Plymouth NHS Trust បានប្រកាសថា តាមរយៈគេហទំព័ររបស់ខ្លួនថា ត្រឹមតែមួយថ្ងៃ អ្នកជំងឺផ្តាសាយសង្គ្រោះបន្ទាន់ ជាង៣០០នាក់។
ប្រកាសអាសន្នពីជំងឺផ្តាសាយធ្ងន់ធ្ងរនៅអង់គ្លេស បានកើតមានឡើង ក្រោយពេលមានការព្រមាន នៅក្នុងរដូវរងានេះ ចំពោះអ្វីដែលគេហៅថា «quad-demic» ដោយមានជំងឺផ្ដាសាយ, ក្អួត, មេរោគ Norovirus, COVID និង RSV ដែលកំពុងចរាចរ នៅពេលតែមួយ ខណៈដែលមានការផ្តល់វ៉ាក់សាំងប្រឆាំង ផងដែរ នេះបើតាមប្រភពពី Sky News ដដែល៕
ប្រភពពី Sky News ប្រែសម្រួល៖ សារ៉ាត