ឆ្នាំមុន Lockheed Martin ចែកចាយយន្តហោះចម្បាំង F-35 ចំនួន ១១០គ្រឿង

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិតសព្វាវុធអាមេរិក Lockheed Martin បានចែកចាយយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 សរុបចំនួន ១១០គ្រឿងទៅដល់ដៃសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តក្នុងឆ្នាំ ២០២៤ ប៉ុន្តែមិនបានបញ្ចេញតួលេខទឹកប្រាក់សរុបទេ។

ក្រុមហ៊ុន Lockheed Martin កំពុងធ្វើឱ្យប្រសើរឡើងនូវយន្តហោះចម្បាំង ស្ថិតក្រោមកម្មវិធី Technology Refresh 3 ឬ TR-3 ដែលធ្វើឱ្យយន្តហោះចម្បាំង F-35 កាន់តែមានសមត្ថភាពខ្លាំង និងថាមពលដំណើរការកាន់តែប្រសើរ។ កម្មវិធី F-35 របស់ Lockheed Martin បានរួមចំណែកប្រហែល ៣០% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតសព្វាវុធអាមេរិកមួយនេះ។

យោងតាមគេហទំព័រ f35 បានឱ្យដឹងថា កម្មវិធីយន្តហោះចម្បាំង F-35 បានរួមចំណែកថវិកាប្រមាណ ៧២ពាន់លានដុល្លារក្នុងមួយឆ្នាំដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនបណ្តាញផ្គត់ផ្គង់របស់ Lockheed Martin ចំនួន ១,៦៥០ក្រុមហ៊ុន បានបង្កើតការងារចំនួន ២៧៥,០០០នាក់នៅទូទាំងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក រួមទាំងការងារសហជីពប្រហែល ២២,៧៥០នាក់។

របាយការណ៍បានប៉ាន់ស្មានថា ក្រុមហ៊ុន Lockheed Martin និងកម្មវិធីផ្គត់ផ្គង់ យន្តហោះ F-35 ដែលបានខ្លួនដឹកនាំ បាននឹងកំពុងចែកចាយយន្តហោះ F-35 ថ្មីប្រហែល ២០គ្រឿងក្នុងមួយខែៗ។ កម្មវិធីនេះបានចែកចាយយន្តហោះ F-35 ជាង ១,០០០គ្រឿងហើយ ចាប់តាំងពីកម្មវិធីនេះបានចាប់ផ្តើមផលិតកម្មពេញលេញក្នុងឆ្នាំ ២០០៦។

គិតមកទល់ពេលនេះ វាគឺជាកម្មវិធីការពារជាតិដ៏ធំបំផុត និងថ្លៃបំផុតរបស់សហរដ្ឋអាមេរិក។ យោងតាមប្រភពពីគេហទំព័រ American machinist បានឱ្យដឹងថា យន្តហោះ F-35A មានតម្លៃ ៨២,៥លានដុល្លារ, យន្តហោះ F-35B មានតម្លៃ ១០៩ លានដុល្លារ និងយន្តហោះ F-35C មានតម្លៃ ១០២,១លានដុល្លារ។

កាលពីខែធ្នូ ចុងឆ្នាំមុន Lockheed Martin ក៏ទើបតែទទួលបានកុងត្រាថ្មីមានតម្លៃជិត ១២ពាន់លានដុល្លារ ដើម្បីផលិតយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ១៤៥គ្រឿង៕

ប្រភព ៖ រ៉យទ័រ, F35 និង American machinist ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner