រុស្ស៊ីឃ្លាំមើលដិតដល់ ករណី Trump ចង់ដណ្តើមយក Greenland
បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីកំពុងតាមដានស្ថានការណ៍ យ៉ាងដិតដល់ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសចង់បានតំបន់ Greenland ពីការគ្រប់គ្រងរបស់ប្រទេសដាណឺម៉ាក នេះបើតាមការចេញផ្សាយ របស់កាសែត BBC កាលពីថ្ងៃព្រហស្បតិ៍។
លោក Peskov បាននិយាយថា តំបន់អាក់ទិក Greenland ស្ថិតនៅក្នុងវិស័យ នៃផលប្រយោជន៍ជាតិ និងយុទ្ធសាស្ត្ររបស់រុស្ស៊ី ហើយ រុស្ស៊ីចាប់អារម្មណ៍លើសន្តិភាព និងស្ថិរភាព នៅទីនោះ។
លោកបានបន្ថែមទៀតថា ការអះអាងរបស់លោក Trump គឺជាបញ្ហាសម្រាប់សហរដ្ឋអាមេរិក ដាណឺម៉ាក និង ប្រទេសដទៃទៀត ដូច្នេះ ប្រទេសរុស្ស៊ីកំពុងមើលស្ថានភាពនេះ «យ៉ាងខ្លាំង» ជុំវិញការកត់សម្គាល់ របស់លោក Trump។
លោក Trump បាននិយាយ កាលពីដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិកត្រូវការ Greenland ដើម្បីសន្តិសុខសេដ្ឋកិច្ច តែ លោកបានអះអាងថា ការដណ្តើមយកតំបន់ស្វយ័ត ដែលមានប្រជាជនរស់នៅ ប្រមាណ ៥៦,០០០នាក់ មួយនេះ នឹងមិនប្រើប្រាស់កម្លាំងយោធា ឬ តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសកាណាដា នោះទេ។ យ៉ាងណាមិញ លោក Trump ធ្លាប់ព្រមានថា នឹងបន្ថែមពន្ធលើទំនិញកាណាដា នាំចូលទៅអាមេរិក ពេលដែលលោកឡើងគ្រប់គ្រងសេតវិមាន នាថ្ងៃទី២០ ខែមករា ខាងមុខនេះ។ លោកបានសង្កត់ធ្ងន់ថា តំបន់ព្រំដែនជាមួយប្រទេសកាណាដាមួយនេះ គ្រាន់តែជាបន្ទាត់ដែលគូស ដោយសិប្បនិម្មិត។
យ៉ាងណាមិញ អភិបាលតំបន់ Greenland លោក Mute Egede បាននិងកំពុងជំរុញ ឱ្យមានឯករាជ្យ ទោះបីជាសេដ្ឋកិច្ចនៃទឹកដីនេះ ពឹងផ្អែកខ្លាំង លើការឧបត្ថម្ភធន ពីដាណឺម៉ាក ក៏ដោយ។
លោកបានសង្កត់ធ្ងន់ថា តំបន់ Greenland ដែលត្រូវគេដឹងថា មានធនធានរ៉ែ និងប្រេង ដែលមិនទាន់បានប្រើប្រាស់យ៉ាងច្រើន សន្ធឹកសន្ធាប់ មួយនេះ មិនមែនសម្រាប់លក់ទេ ហើយអះអាងថា អនាគតរបស់ Greenland ស្ថិតនៅក្នុងដៃរបស់ប្រជាជនក្នុងតំបន់នេះ ដោយខ្លួនឯង។
មិនមែនមានតែរុស្ស៊ីទេ ដែលប្រតិកម្មជុំវិញសុន្ទរកថារបស់លោក Trump ស្តីពីតំបន់ Greenland ក្នុងនោះ ក៏មានព្រមានពីមេដឹកនាំអឺរ៉ុប ផងដែរ។ ប្រធានកិច្ចការបរទេស អឺរ៉ុប លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា «យើងត្រូវគោរពបូរណភាពទឹកដី និងអធិបតេយ្យភាព Greenland»៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត