អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បន្តជំរុញកីឡាករវ័យក្មេងឲ្យស្វែងរកសក្តានុពល និងអភិវឌ្ឍសមត្ថភាពខ្លួន
(ភ្នំពេញ)៖ អង្គការផ្កាយសមុទ្រទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក បន្តជម្រុញកីឡាករវ័យក្មេងឲ្យស្វែងរកសក្តានុពល និងអភិវឌ្ឍសមត្ថភាពខ្លួន តាមរយៈការប្រកួតបាល់ទាត់វិលជុំ កុមារនិងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៥ ។
ព្រឹត្តិការណ៍នេះបង្ហាញពីការចាប់ផ្តើមនៃ រដូវកាលបាល់ទាត់ ថ្មីពោរពេញដោយការប្រកួតប្រជែងដ៏អស្ចារ្យ និងស្វិតស្វាញជាច្រើន ដោយមានគោលដៅជួយអភិវឌ្ឍ ទេពកោសល្យកីឡាករកីឡាការនីវ័យក្មេង និងរួមចំណែកដល់ភាពរីកចម្រើននៃសមត្ថភាពរបស់ពួកគេផង ដែរ ។
លោក ស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥នេះ ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នឹងប្រព្រឹត្ត ទៅក្នុងខេត្តចំនួនបីផ្សេងគ្នាដូចជា៖ រាជធានីភ្នំពេញ, ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ។
លោក ស្រីថា ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះ ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិអំណាចកុមារ និងយុវជន ដែលជួបប្រទះការលំបាក ។ ការប្រកួត បាល់ទាត់វិលជុំនេះក៏បានរួមចំណែកកាត់បន្ថយឧបសគ្គផ្នែកសេដ្ឋកិច្ចសង្គម ដែលរារាំងកុមារ និងយុវជន ក្នុងការទទួលបានឱកាសផ្សេងៗ និងកត្តានាំឲ្យមានភាពក្រីក្រផងដែរ ។ ដោយប្រមូលផ្តុំកុមារាកុមារី និង យុវជនមកពីស្ថានភាពជីវភាពខុសៗគ្នា រួមទាំងកុមារ និងយុវជនងាយរងគ្រោះ ព្រឹត្តការណ៍ប្រកួតបាល់ ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League មិនត្រឹមតែជួយលើកកម្ពស់ដល់ការលេង កីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏ជម្រុញដល់ការរៀនសូត្រ ការអភិវឌ្ឍជំនាញបំណិនជីវិត និងសុខុមាលភាពរបស់ពួក គេថែមទៀតផង ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រើប្រាស់កីឡាបាល់ទាត់ជា វិធីសាស្ត្រ ដើម្បីជម្រុញឱកាសទទួលបានការអប់រំប្រកបដោយគុណភាព និងការរៀនសូត្រជំនាញសំខាន់ៗ ។ ការប្រកួតនេះមិនត្រឹមតែជាការប្រកួតប្រជែងនោះទេ តែវាជាឱកាសដ៏កម្រសម្រាប់កុមារ និងយុវជនរស់ នៅក្នុងភាពក្រីក្រឲ្យអាចបង្កើនចំណេះដឹងទាក់ទងនឹងជំនាញបំណិនជីវិត យល់ដឹងកាន់តែច្បាស់ពីបញ្ហា សង្គម និងទទួលបានភាពសប្បាយរីករាយពីការលេងកីឡាទៀតផង ។
កុមារ និងយុវជន ដែលចូលរួមក្នុងព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ទទួលបានឱកាសដ៏សំខាន់ពីការប្រកួតប្រជែងក្នុងកម្មវិធីកីឡាផង និងសកម្មភាព ដែលជួយកសាង ជំនាញ ដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងភាពធន់ ទ្រាំផងដែរ ។
ឆ្នាំ២០២៥ នេះជាឆ្នាំទី៩ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា បានផ្តល់ការឧបត្ថម្ភគាំទ្រដល់ការរៀបចំព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះឡើង ។ ក្នុងនាមជាម្ចាស់ជើងឯកក្នុងវិស័យកីឡា និងអ្នកគាំទ្រយ៉ាងសកម្មចំពោះសុខភាព និងសុខុមាលភាព ការឧបត្ថម្ភជ្រោមជ្រែងរយៈពេលវែងមួយនេះគឺស្របទៅតាមគោលបំណងរបស់ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ដែលជួយប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ និងគំនិតផ្តួចផ្តើម AIA One Billion របស់ AIA Group ក្នុងការជួយប្រជាជន ១ពាន់ លាននាក់នៅអាស៊ីឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរនៅឆ្នាំ២០៣០ ៕









ថត ៖ មឿង គឹមរ៉ុង
អត្ថបទ ៖ ជាវ ចន្ធូ