វគ្គជម្រុះប្រឡងចម្រៀង នៅភ្នំពេញ ជ្រើសរើសបេក្ខជន ៨រូប ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅខេត្តស្វាយរៀង
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ មានការប្រឡងចម្រៀង សិល្បៈជាច្រើនប្រភេទ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានការអញ្ជើញចូលរួម ជាគណៈកម្មការកិត្តិយស ក្នុងការជ្រើសរើសបេក្ខជនជ័យលាភីដោយ នាយ ចឺម តារាចម្រៀងដ៏ល្បីពេញនិយមសម្រាប់យុវវ័យ និងមានប្រជាប្រិយភាពមួយរូប នៅកម្ពុជា។
នាយ ចឺម បានឲ្យដឹងថា ការប្រឡងចម្រៀង សិល្បៈជាច្រើនប្រភេទ ដើម្បីសម្រិតសម្រាំងរកបេក្ខជនជ័យលាភីដែលមានសមត្ថភាពពិតប្រាកដ ទៅប្រឡងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្រុមហ៊ុន ឡាក់គី រ៉ូប៊ី ស្ថិតនៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
លោកបានបញ្ជាក់ថា អ្នកទទួលបានជ័យលាភី នៅវគ្គផ្ដាច់ព្រ័ត្រលេខ១ ទទួលបានរង្វាន់ធំទឹកប្រាក់ ៥,០០០ដុល្លារ លេខ២ ទទួលបាន ២,០០០ដុល្លារ និងរង្វាន់លើកទឹកចិត្ត ៣០០ដុល្លារ ក្នុងបេក្ខជនម្នាក់ៗ។
ចំពោះបេក្ខភាពទទួលបានជ័យលាភី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ គណៈកម្មការសម្រេចជ្រើសរើសយកបេក្ខជនចំនួន ៨រូប ក្នុចំណោមបេក្ខជនសរុប ៦៣រូប ដើម្បីត្រៀមទៅប្រឡងនៅវគ្គផ្ដាច់ព្រ័ត្រ។
បេក្ខជនដែលបានអញ្ជើញចូលរួមប្រឡងចម្រៀង និងសិល្បៈជាច្រើនប្រភេទឱកាសនេះ មកពីគ្រប់ទិសទីតាមបណ្ដារាជធានីខេត្ត គឺចូលរួមបានដោយសេរីប្រកបដោយភាពជឿជាក់ មានទំនុកចិត្ត និងតម្លាភាពផងដែរ ៕









ដោយ ៖ នុត នាង