មន្រ្តីនាំពាក្យក្រសួងយុត្តិធម៌ ៖ ជនល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់យ៉ាងតឹងរឹង គឺត្រូវតែទទួលរងទាំងសំណង និងបទល្មើសព្រហ្មទណ្ឌ
(ភ្នំពេញ)៖ ក្នុងការប្រព្រឹត្តិបទល្មើសគ្រោះថ្នាក់ចរាចរណ៍ជនល្មើសត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់យ៉ាងតឹងរឹង ដែលក្នុងនេះមិនអាចយកថវិការប្តូរជាមួយការរួចខ្លួនឡើយ ពោលគឺជនល្មើសត្រូវតែទទួលខុសត្រូវទាំងសំណង និងបទល្មើសព្រហ្មទណ្ឌជាចាំបាច់ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី“លទ្ធផលរយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្រ្តីអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម សេង ឌីណា ឱ្យដឹងថា៖មុនបើកយុទ្ធនាការ២គឺ យុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ គឺសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ១០៤១ករណីត្រូវតុលាការរាជធានីខេត្តដោះស្រាយរួចរាល់១០០ភាគរយចាប់តាំងតែពី ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ចំណែកសំណុំរឿងដែលចូលថ្មីក្រោយប្រកាស យុទ្ធនាការមានចំនួនសរុប៥៤៧០ករណីត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់បាន៨៧,៨៨ភាគរយ។បើសរុបសំណុំរឿងចរាចរណ៍ទូទាំងប្រទេស ទាំងរឿងចាស់ និងថ្មី ៦៥១១ករណី ត្រូវបានដោះស្រាយចប់សព្វគ្រប់៥៨៤៨ករណីដែលស្មើនឹង៨៩,៨២ភាគរយ ហើយនៅសល់ត្រឹមតែ ១០,១៨ភាគរយដែលកំពុងចាត់ការ។
ឯកឧត្តម សេង ឌីណា បានថ្លែងដែរថា គណៈបញ្ជាការពិនិត្យឃើញថាការដោះស្រាយសំណងក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដល់ជនរងគ្រោះ គឺត្រូវបានគិតគូយ៉ាងយកចិត្តទុកដាក់។ជាមួយគ្នានេះដែរចំពោះជនល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់យ៉ាងតឹងរឹង ក្នុងនេះមិនមែនឱ្យតែថាមានសំណងរដ្ឋប្បវេណីហើយរួចខ្លួនទេពោលគឺសងទាំងសំណងរដ្ឋប្បវេណី និងបទល្មើសព្រហ្មទណ្ឌនៅតែទទួលរងមិនអាចចៀសផុតឡើយ។
មន្រ្តីអ្នកនាំពាក្យរូបនេះបន្តថា ”មិនមែនបុកគេស្លាប់ហើយចេញសំណងទៅ រួចខ្លួនទៀតទេ បន្ទាប់ពីបើកយុទ្ធនាការ២គឺ យុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះមក”។
ឯកឧត្តម បញ្ជាក់បន្ថែមថា៖ ”យើងឃើញថាមានករណីច្រើនដែរ ជនល្មើសដែលបង្កគ្រោះថ្នាក់ហើយមានសុឆន្ទះចេញសំណងដល់ជនរងគ្រោះឆាប់រហ័សនោះមានច្រើន បើទោះដឹងថាមានសំណងហើយ នៅតែទទួលរងបណ្តឹងព្រហ្មទណ្ឌបែបណាក៏ដោយ”។
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនថ្មីៗមកនេះបានឱ្យដឹងថាក្នុងរយៈពេលពេញ ១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤លើកដោយបានបង្កឲ្យមានមនុស្សស្លាប់ចំនួន ១ ៥០៩នាក់ ។ បើតាមរបាយការណ៍ដដែល ចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤ភាគរយបើធៀបនឹងឆ្នាំ២០២៣ ៕
ដោយ ៖ ម៉ាដេប៉ូ