រដ្ឋមន្ត្រីក្រសួងដែនដី៖ ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋអាចទទួលសេវា​ផ្សេងៗតាមប្រព័ន្ធអនឡាញពីក្រសួង ដែលមានភាពងាយស្រួល លឿនរហ័ស និងជឿទុកចិត្តបាន

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់​ថា ក្រសួងបានដាក់ឱ្យដំណើរ​ការនូវសេវាគាប់ចិត្តជូនដល់ប្រជាពលរដ្ឋ ។ដូច្នេះចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋអាច​ទទួល​សេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធ​អនឡាញពីក្រសួងដែលមានភាពងាយស្រួល លឿនរហ័ស​និងជឿទុកចិត្តបាន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ចំណុចថ្មីសន្លាងនេះ​ក្នុងសិក្ខាសាលាផ្សព្វផ្សាយសេវាអន​ឡាញ​របស់ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ និងការរៀបចំឥណទានក្នុងវិស័យសំណង់និងអចលន​ទ្រព្យ កាលពីព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ។

ទាក់ទងនឹងសិក្ខាសាលានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានដៅចំណុចសំខាន់ថា ក្នុងគោលបំណង​ផ្សព្វផ្សាយ​ពីសេវាសាធារណៈ​ដែលបាន​ដាក់ដំណើរការតាមប្រព័ន្ធអនឡាញជូនប្រតិបត្តិករ និងអ្នកប្រើប្រាស់​ឱ្យបាន​ដឹងកាន់​តែទូលំទូលាយ និងការផ្ដល់អត្រាការប្រាក់តាមធនាគារ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ក្នុងរយៈពេលមួយឆ្នាំកន្លះ​កន្លងមកនេះ ក្រសួងបានព្យាយាមបង្រួមបញ្ហា​ដែលមានភាពចម្រូងចម្រាស់​នៅក្នុងសង្គមជាតិ ។ក្នុងនោះបានជំរុញការងារចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ ដោយចុះបញ្ជី​ដីធ្លីបាន ៣ លាន ៧ សែនក្បាលដី ហើយប្រហែលជា​ដល់​ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុងនូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា។
ចំណែកបញ្ហាវិវាទដីធ្លីគឺមានច្រើនករណី​ប៉ុន្តែរហូត​មកទល់ពេលនេះ​ក្រសួង​បានដោះស្រាយករណីទាំងនោះអស់ជាច្រើននិងនៅសល់ត្រឹមក្រោម ១ ០០០ ករណីប៉ុណ្ណោះ។ រីឯការងារបឹងទន្លេសាប គឺយើងបានបន្តរក្សា​អាយុជីវិត​បឹង​ទន្លេសាប​ដោយមិនឱ្យមានការកាត់ឆ្វៀលដីបន្តទៀតនោះទេ ហើយរក្សាបាន​នូវគន្លងមួយថាកម្ពុជាមានលទ្ធភាពរក្សាបាន​នូវមរតក​ធនធានធម្មជាតិរបស់ខ្លួន ជាការទទួលខុសត្រូវរបស់អ្នកជំនាន់នេះសម្រាប់អ្នកជំនាន់ក្រោយៗទៀត។

ឯកឧត្តមបន្តថា ចំពោះបញ្ហាវិវាទដីធ្លីរវាងអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋ​នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប​ក៏ត្រូវបានដោះស្រាយ​សម្រប​សម្រួលនិងរក្សាបាននូវសម្បត្តិបេតិកភណ្ឌរបស់ដូនតាខ្មែរនិងធានាបាននូវជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់អង្គរ។ ដោយឡែកបញ្ហាវិវាទនៅក្នុងបុរីក៏ត្រូវបានដោះស្រាយសម្របសម្រួល ដោយ​បច្ចុប្បន្ន​នៅសល់ត្រឹមតែប្រមាណជាង ២០គម្រោងទៀតប៉ុណ្ណោះ។ ក្រៅពីនេះ​ក្រសួងក៏បានដាក់ឱ្យដំណើរការនូវសេវាគាប់ចិត្ត​ជូនដល់ប្រជាពលរដ្ឋ​ដែលអាច​ប្រើប្រាស់រាល់សេវារបស់ក្រសួងបានតាមរយៈប្រព័ន្ធអនឡាញមានភាពងាយស្រួល លឿនរហ័សនិងអាចជឿទុកចិត្តបានផងដែរ។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបញ្ជាក់ថា​លទ្ធផលការងារទាំង ៦ ចំណុចដែលក្រសួងបាន​អនុវត្តមកនេះអាចនិយាយ​បានថាក្រសួងបានបង្កើតនូវបរិយាកាសគ្មានវិវាទជូនសង្គមជាតិកម្ពុជាហើយនេះគឺជាគម្រូសម្រាប់ពិភពលោកសម្រាប់ប្រទេសដែលធ្លាប់ញាំញីដោយសង្គ្រាមខ្ទេចខ្ទី អាចស្រោចស្រង់ខ្លួនត្រឡប់មកវិញបាន​ហើយកសាង​និងអភិវឌ្ឍន៍ខ្លួន​បានមកដល់បច្ចុប្បន្នដែលមិនងាយនឹងមានប្រទេសណាអាចធ្វើបានបែបនេះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្ថែមថា ការបង្កើតសេវាសាធារណៈអនឡាញ​របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាការផ្ដើម​ចេញនូវការធ្វើបរិវត្តកម្មឌីជីថលក្នុងរបៀបរបបការងារក្នុងការផ្ដល់នូវទិន្នន័យ ដើម្បី​​ប្រែក្លាយ​​ផ្នត់គំនិតនិងរបៀបរបបការងារ មានន័យថាចាប់ពីពេលនេះតទៅ រាល់ទិន្នន័យគឺស្ថិតនៅក្នុងដៃយើងទាំងអស់ ហើយរាល់​ការសម្រេចចិត្តគឺ​បានជាក់លាក់ត្រឹមត្រូវ និងមិនអាចមានភាពសៅហ្មងនោះឡើយ ៕
ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner