ឆ្នាំ ២០២៤ ជប៉ុនកើបលុយជាង ៥០ពាន់លានដុល្លារពីវិស័យទេសចរណ៍
តូក្យូ ៖ ភ្ញៀវទេសចរបរទេសទៅលេងប្រទេសជប៉ុនកាលពីឆ្នាំ ២០២៤ បានចាយវាយកើនឡើងខ្ពស់បំផុត រហូតបំបែកកំណត់ត្រាកាលពីឆ្នាំមុនៗ ដោយពាំនាំប្រាក់ចំណូលចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជប៉ុនជាង ៥០ពាន់លានដុល្លារ។
ស្របពេលជាមួយគ្នានេះដែរ ចំនួនភ្ញៀវទេសចរបរទេសក៏បានហក់ឡើងរហូតដល់ ៣៦លាននាក់ផងដែរ ដែលនេះជាកម្រិតខ្ពស់បំផុតថ្មីមួយ ជំរុញដោយប្រាក់យ៉េនធ្លាក់ចុះទាប និងការបើកដំណើរការជើងហោះទៅកាន់ប្រទេសជប៉ុនឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។
តួលេខបឋមពីទីភ្នាក់ងារទេសចរណ៍ជប៉ុនបានបង្ហាញថា ភ្ញៀវទេសចរបរទេសបានចំណាយប្រាក់សរុបចំនួន ៥០.៨ពាន់លានដុល្លារទៅលើការស្នាក់នៅ, ការដើរទិញឥវ៉ាន់ និងការចំណាយផ្សេងទៀតកាលពីឆ្នាំ ២០២៤ កើនឡើងលើសកំណត់ត្រាពីមុន ដែលមានត្រឹមតែជាង ៣៤ពាន់លានដុល្លារកាលពីឆ្នាំ ២០២៣។
យោងតាមអង្គការទេសចរណ៍ជាតិជប៉ុនបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសចំនួន ៣៦.៨៧លាននាក់បានទៅលេងកំសាន្តប្រទេសជប៉ុនក្នុងឆ្នាំ ២០២៤ ដែលនេះជាការធ្វើដំណើរខ្ពស់បំផុត ក្នុងនោះរដូវកាលគយគន់សម្រស់ផ្កាសាគូរ៉ា និងរដូវស្លឹកឈើជ្រុះបានរួមចំណែកជំរុញដល់កំណើនភ្ញៀវទេសចរប្រចាំឆ្នាំដែលមកពីប្រទេសគោលដៅចំនួន២០ ហើយនេះជាការបង្កើតកំណត់ត្រាខ្ពស់បំផុតថ្មីមួយ។
ចំនួនភ្ញៀវទេសចរបរទេសទៅលេងប្រទេសជប៉ុនច្រើនជាងគេក្នុងឆ្នាំ ២០២៤ គឺកូរ៉េខាងត្បូងមានចំនួន ៨.៨២លាននាក់ បន្ទាប់មកប្រទេសចិនមានចំនួន ៦.៩៨លាននាក់ កើនឡើងជិតបីដង បើធៀបនឹងឆ្នាំ ២០២៣ បន្ទាប់មកគឺតៃវ៉ាន់មានចំនួន ៦.០៤លាននាក់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា