ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ៖ អ្នកដឹកនាំ ត្រូវតែមានការគិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន

(ភ្នំពេញ)៖ ប្រើប្រាស់ធនធានប្រកបដោយការយកចិត្តទុកដាក់ ពិសេសការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងការដើរលើគន្លងនិយាមសាកល ជាកត្តាសំខាន់មួយ ។ ហើយអ្នកដឹកនាំ ត្រូវតែមានការគិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំ និងភាពច្នៃប្រឌិតក្នុងការថែទាំសុខភាព ៖ និន្នាការសុខភាពនាថ្ងៃអនាគត និងការកំណត់អាទិភាព” នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានសហការជាមួយមហាវិទ្យាល័យសុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី រៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ក្នុងការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលរបស់យើង ដើម្បីបន្តពង្រឹងគុណភាពសេវាសុខាភិបាល ប្រកបដោយភាពនវានុវត្តន៍ និងបុរេសកម្ម។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវពាក្យគន្លឹះចំនួន ៤ ជូនដល់អង្គសិក្ខាសាលាថ្ងៃនេះ សម្រាប់វិស័យសុខាភិបាល គឺ ១) Leadership ដោយអ្នកដឹកនាំ ត្រូវមានការពន្យល់ ការចូលរួម មានឆន្ទៈ ការសហការគ្រប់ផ្នែកនិងភាគីពាក់ព័ន្ធ យុទ្ធសាស្រ្តសម្របសម្រួល និងឆ្លើយតបនឹងតម្រូវការពាក់ព័ន្ធ ជាពិសេសក្រមសីលធម៌ ដល់អ្នកប្រើប្រាស់សេវា ២) Innovation ជាការធ្វើទំនើបកម្ម ការស្រាវជ្រាវថ្មីៗ ដើម្បីទទួលបានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ៣) Future ត្រូវគិតគូរអំពីសុខភាពមនុស្សចាស់ ជំងឺរ៉ាំរ៉ៃ ជំងឺមិនឆ្លង ការគាំពារសង្គម សុខភាពផ្លូវចិត្ត និងត្រៀមលក្ខណៈទប់ស្កាត់ជំងឺឆ្លងនាពេលខាងមុខ និង៤) Priority ការរៀបចំផែនការ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ហិរញ្ញវត្ថុ សម្ភារៈ និងនិរន្តរភាពនាពេលអនាគតប្រកបដោយសមធម៌ និងត្រូវមានទិន្នន័យ ស្ថិតិ តាមបែប Digital Health ជារឿងសំខាន់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមឱ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្តកិច្ចសហការជាមួយ សាកលវិទ្យាល័យជាតិសិង្ហបុរី រហូតឈានដល់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ដោយត្រូវតម្កល់ជាប្រព័ន្ធ Structure និងនវានុវត្តន៍ ដើម្បីចារឹកជាក្បួនខ្នាត ទៅអនាគត នូវអ្វីដែលធ្វើបានល្អ និងសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner