បេសកកម្ម កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅលើទឹកដីខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម រយៈពេល ២ថ្ងៃ សម្រេចបានការងារអាទិភាពសំខាន់ៗចំនួន៣
(ខេត្តកំពង់ចាម)៖ ក្នុងរយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែមករា ឆ្នាំ២០២៥) កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានចុះបំពេញបេសកកម្មសម្រេចបានការងារអាទិភាពសំខាន់ៗចំនួន ៣ នៅលើទឹកដីខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ។
ការងារទី១ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍» ជូនដល់ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ, អនុសាខាទាំង៧ក្រុង-ស្រុក រួមជាមួយក្រុមប្រតិបត្តិសាខា-អនុសាខា ព្រមទាំងអ្នកស្ម័គ្រចិត្តសរុបចំនួន ៣៩នាក់ (ស្រី១២នាក់) និងគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម, អនុសាខាទាំង១០ក្រុង-ស្រុក រួមជាមួយក្រុមប្រតិបត្តិសាខា-អនុសាខា សរុបចំនួន ៤២នាក់ (ស្រី ១៨នាក់) ។
«វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែច្បាស់ពីការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ហើយជាពិសេសចាំបាច់ត្រូវមានការបណ្តុះបណ្តាលបន្តទៅដល់សាខា-អនុសាខា និងរីកសាយទៅដល់កម្លាំងអ្នកស្ម័គ្រចិត្តតាមភូមិ-ឃុំ។ បន្ថែមពីនេះ ការងារនេះមិនត្រឹមតែផ្តោតលើសុខភាពមាតា ទារក កុមារ និងជំងឺអេដស៍ប៉ុណ្ណោះទេ គឺថែមទាំងពាក់ព័ន្ធនឹងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋយើងក្នុងពេលបច្ចុប្បន្ន ជាពិសេសឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺលើកកម្ពស់ការគ្របដណ្តប់សុខភាពជាសកល ក៏ដូចជាការគិតគូរអំពីការទប់ស្កាត់បញ្ហាជំងឺមិនឆ្លងទាំង៤សំខាន់ៗដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលកំពុងប្រឈមខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង។»
ការងារទី២ គឺចុះសួរសុខទុក្ខស្ត្រីក្នុងពន្ធនាគារ ចំនួន ៦៩នាក់ ក្នុងពន្ធនាគារមាត់ឃ្មង់ ខេត្តត្បូងឃ្មុំ និងស្រ្តីចំនួន ៥០នាក់ទៀត ក្នុងពន្ធនាគារ ខេត្តកំពង់ចាម។ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រែយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានគូសបញ្ជាក់ថា៖ «ការចុះសួរសុខទុក្ខនេះ គឺជាការអនុវត្តនូវអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាអ្នកម្តាយមួយរូប ដែលផ្តោតលើការអប់រំផ្លូវចិត្តរបស់បងប្អូនក្មួយៗទាំងអស់ ជាពិសេសស្ត្រី ដែលជាមុខសញ្ញាអាទិភាព សមស្របទៅនឹងគោរមងាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។»
លោកជំទាវ បានបន្តថា៖ «បងប្អូនក្មួយៗទាំងអស់ ត្រូវទទួលការផ្តន្ទាទោសទៅតាមច្បាប់ ដោយសារតែការប្រព្រឹត្តនូវអំពើខុសច្បាប់, ក៏ប៉ុន្តែនៅទីនេះ បន្ទុករបស់រាជរដ្ឋាភិបាល និងមន្ត្រីមានសមត្ថកិច្ច បានយកចិត្តទុកដាក់ផ្តល់កន្លែងស្នាក់នៅ ការហូបចុក និងការអប់រំកែប្រែ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញ និងបំនិនជីវិត ដើម្បីអាចមានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិតវិញបានដោយសុច្ចរិត បន្ទាប់ពីមានសេរីភាពឡើងវិញ ក្រោមម្លប់នៃសុខសន្តិភាព។ ជាមួយគ្នានេះ បងប្អូនក្មួយៗ ក៏ត្រូវទទួលយកនូវការអប់រំផ្លូវចិត្តតាមផ្លូវព្រះធម៌ គឺការប្រព្រឹត្តនូវអំពើល្អ ទទួលបាននូវផលល្អ, ការប្រព្រឹត្តអំពើមិនកុសល នឹងទទួលទោសទៅតាមនោះដែរ ដូច្នេះសូមយើងទាំងអស់គ្នាប្រកាន់ខ្ជាប់នូវ សីល សមាធិ បញ្ញា ឱ្យបានគ្រប់ៗគ្នា។»
ចំណែកឯ ការងារទី៣ ក្នុងបេសកកម្មនេះ គឺចុះសួរសុខទុក្ខ អប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដល់ស្ត្រីងាយរងគ្រោះបំផុត ដែលធ្លាប់ទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមកចំនួន ១៣០នាក់ នៅខេត្តត្បូងឃ្មុំ និងចំនួន ១៤០នាក់ នៅខេត្តកំពង់ចាម ។
សូមជម្រាបជូនថា ក្នុងដំណេីរចុះសួរសុខទុក្ខស្ត្រីក្នុងពន្ធនាគារ និងស្ត្រីងាយរងគ្រោះបំផុតរងគ្រោះដោយទឹកជំនន់ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី សានដ្រា បឺនក្លាវ តំណាងអង្គការ UNFPA ដែលបាននាំមកជាមួយនូវកញ្ចប់សម្ភារសម្រាប់ស្ត្រីនៅក្នុងសហគមន៍ក្នុងតំបន់ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយផ្សេងៗ។ ជាមួយគ្នានេះ ស្ត្រីទាំងអស់ទទួលបាន អង្ករសុខភាព, សម្ភារប្រើប្រាស់, ប័ណ្ណផ្សព្វផ្សាយអំពីវិធីអប់រំការពារសុខភាពស្ត្រី, និងថវិកាមួយចំនួនផងដែរ ៕
ដោយ / គ្រី សម្បត្តិ