ភ្លើងលេបត្របាក់ផ្ទះប្រណិតៗតាមមាត់សមុទ្រអាមេរិក
បរទេស ៖ ភ្លើងឆេះព្រៃនៅសហរដ្ឋអាមេរិក បានរាលដាលឆាបឆេះ បំផ្លិចបំផ្លាញផ្ទះប្រណីតៗ តម្លៃរាប់សិបលានដុល្លារ នៅតំបន់ឆ្នេរ Malibu តាមបណ្តោយផ្លូវហាយវេ នៃទីក្រុង Los Angeles រដ្ឋ California ជាផ្នែកនៃឆ្នេរសមុទ្រប៉ាស៊ីហ្វិក។
ផ្ទះបណ្តោយឆ្នេរ នៅតាមមាត់សមុទ្រ ដែលគួរអោយចាប់អារម្មណ៍ជាច្រើន និងភោជនីយដ្ឋានដ៏អស្ចារ្យ សរុប១២៨០កន្លែង ឥឡូវនេះ ត្រូវបានបំផ្លាញ ដោយនៅសល់តែ ១៤ភាគរយ ប៉ុណ្ណោះ មិនត្រូវបានឆេះ ដោយបានផ្តល់ផលប៉ះពាល់ ដល់អ្នកស្រុកយ៉ាងខ្លាំង។ ក្នុងចំណោមផ្ទះទាំងនេះ ក៏មានផ្ទះរបស់តារាល្បីៗ និងបុគ្គលិកមានឥទ្ធិពល ក្នុងសង្គមអាមេរិក ផងដែរ។
គួរបញ្ជាក់ថា មនុស្សរាប់ម៉ឺននាក់ត្រូវបានបញ្ជាឱ្យភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ ខណៈដែលភ្លើងឆេះព្រៃបានឆាបឆេះពេញទីក្រុង Los Angeles រហូតមកដល់ថ្ងៃព្រហស្បតិ៍។ ពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់មកវិញ យ៉ាងហោចណាស់មួយសប្តាហ៍ ដោយមានការភ័យខ្លាច ចំពោះចរន្តអគ្គិសនី ការរអិលបាក់ដី និងការប៉ះពាល់ ពីសារធាតុពុល។
ក្រុមមន្ត្រីបាននិយាយថា ផ្ទៃដីព្រៃចំនួន១៦,០០០ហិកតា ត្រូវបានឆេះ នៅក្នុងគ្រោះអគ្គិភ័យ ដ៏សាហាវនេះ ខណៈដែលស្ថានភាព នៅតែមានគ្រោះថ្នាក់ខ្លាំង បើទោះបីជា ឆេះអស់ប្រមាណ ជាង១សប្តាហ៍ ហើយក៏ដោយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត