កីឡាករ សុខ លីមហេង បន្តគ្រប់គ្រងជើងឯកកីឡាអុកចត្រង្គថ្នាក់ជាតិ ជាលើកទី៥
ភ្នំពេញ៖ ការប្រកួតកីឡាអុកចត្រង្គ ជ្រើស រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈកីឡាករដ៏ឆ្នើម សុខ លីមហេង ដែលគ្រងជើងឯកថ្នាក់ជាតិ៤សម័យកាល បន្តគ្រងជើងឯកជាលើកទី៥ បន្ទាប់ពីបានប្រកួតឈ្នះជើងខ្លាំង ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រ។
លោក សេក សុភ័ក្ត្រ អគ្គលេខាធិការ តំណាងឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បាននិយាយថា នេះជាលើកទី៤ សម្រាប់ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលបានរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណង ដើម្បីជ្រើសរើសកីឡាករដែលមានសមត្ថភាព និងបច្ចេកទេសល្អ ក្នុងការលេងអុកចត្រង្គ ដើម្បីត្រៀមសម្រាប់ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ជាពិសេសចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេស នាខែធ្នូ ឆ្នាំ២០២៥។
យោងតាមរបាយការណ៍បច្ចេកទេសបានឱ្យដឹងថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤នេះ បានដំណើរការរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥។ ការប្រកួតនៅឆ្នាំនេះ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងការប្រកួតកីឡាអុកចត្រង្គ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ និងមានការសហការគ្នាបានយ៉ាងល្អរវាងកីឡាករ កីឡាការនីទាំងអស់មកពីរាជធានី-ខេត្ត បានបង្ហាញនូវទឹកចិត្តចូលរួមយ៉ាងសកម្ម ដែលបានញ៉ាំងឱ្យការប្រកួតនេះប្រព្រឹត្តទៅបានយ៉ាងរលូន ប្រកបដោយជោគជ័យ។
អ្វីកាន់តែពិសេស គឺការប្រកួតប្រជែងកាន់តែមានកម្រិតខ្ពស់លើផ្នែកគុណភាពបច្ចេកទេស ដែលជាកត្តានាំឱ្យសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាទទួលបានក្លឹបកីឡាអុកចត្រង្គចំនួន១៨ក្លឹប មានកីឡាករកីឡាការិនីចូលរួមប្រកួតសរុប ៦៥នាក់ (ស្រី ចំនួន០២នាក់)។ ការប្រកួតនេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរៀបចំវិញ្ញាសាប្រកួតតែ១ប៉ុណ្ណោះ គឺវិញ្ញាសាឯកត្តជនបុរសនារីចម្រុះរយៈពេល ៦០នាទី។
សម្រាប់លទ្ធផល ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ជក់ចិត្តនេះ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ ៤សម័យកាល លោក សុខ លីមហេង ដែលឈ្នះមេដាយមាស និងពានរង្វាន់ជើងឯកនេះ គឺបន្ទាប់ពីបានប្រកួតឈ្នះជើងខ្លាំង ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រ ហើយកីឡាករ ឈាវ បូរ៉ា ទទួលបានមេដាយប្រាក់ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ជា ស៊ីដេត និងលេខ៤ បានទៅលើកីឡាករ នូ ច័ន្ទផានិត (មេដាយសំរឹទ្ធ)។
កីឡាករដ៏ឆ្នើមវ័យ២៥ឆ្នាំនៃវិស័យកីឡាអុកចត្រង្គ លោក សុខ លីមហេង បានឈ្នះមេដាយមាស ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ៥សម័យកាលជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៨ ឆ្នាំ២០២១៩ និងឆ្នាំ២០២០ (២០២១-២០២២ ខកខានរៀបចំ២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩) និងបន្តឈ្នះមេដាយមាស នៅឆ្នាំ២០២៣ និងចុងក្រោយមេដាយមាស ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤៕
ដោយ: ជាវ ចន្ធូ