នាយករដ្ឋមន្ត្រី ៖ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកសិកម្ម និងសន្ដិសុខស្បៀង
(ពោធ៌សាត់)៖ សម្ដេចនាយករដ្ឋមន្ត្រី បានគូបញ្ជាក់ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកសិកម្ម និងសន្ដិសុខស្បៀង ក្នុងនោះយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនកសិករ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុន រ៉ានីសែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅស្រុក បានចាក់សាំងដុតកម្ពុជារាល់ថ្ងៃ ជាពិសេសញុះញង់ប្រជាពលរដ្ឋឱ្យមានកំហឹង មកលើការងារផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាករណីរឿងកសិកម្មនាពេលនេះ ខណៈពេលដែលពួកគេមិនដែលជួយអ្វីសោះ មានតែទៅស្នើឱ្យបរទេសកាត់ជំនួយ និងកុំឱ្យគេមកវិនិយោគនៅកម្ពុជា ។
សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកសិកម្ម និងសន្ដិសុខស្បៀង ក្នុងនោះយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនកសិករ ដូចជា វិធីសាស្រ្តដាំដុះ ការបែងចែកដីធ្វើស្រែ និងការស្វែងរកទីផ្សារនៅក្រៅប្រទេសផងដែរ ។
សម្តេច បន្តថា សម្ដេច បានផ្ដល់គោលការណ៍ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងបណ្ដាខេត្តពិនិត្យ និងត្រៀមអនុវត្តឱ្យបានទាន់ពេលវេលាជួយប្រជាពលរដ្ឋដែលអាចប្រឈមនឹងបញ្ហាខ្វះខាតទឹកក្នុងការធ្វើស្រែនារដូវប្រាំងនេះ ដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា រដ្ឋាភិបាល នឹងអនុញ្ញាតឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើសមន្ត្រីកសិកម្មឱ្យធ្វើការនៅតាមភូមិឃុំចំនួន ១០០០នាក់បន្ថែមទៀត ដើម្បីជួយដល់កសិករនៅតាមមូលដ្ឋាន ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពាក់ព័ន្ធនឹងសន្តិសុខស្បៀង ដោយរាជរដ្ឋាភិបាល ត្រូវទទួលខុសត្រូវទៅលើអ្នកផលិត ឬអ្នកដាំដុះ និងអ្នកប្រើប្រាស់ ពោល គឺរក្សាតុល្យភាព ដោយដៃម្ខាងត្រូវរក្សាតម្លៃទីផ្សារល្អសម្រាប់កសិករ ហើយដៃម្ខាងទៀត ត្រូវធានាកុំឱ្យតម្លៃទំនិញឡើងថ្លៃពេក ជាពិសេស ចំណីអាហារ ។
ជាមួយគ្នានេះដែរ សម្តេចធិបតី ក៏បានលើកឡើងដែរថា អ្នកវិភាគជ្រុលនិយមមួយចំនួននៅក្រៅប្រទេស តែងតែញុះញុង់ប្រជាកសិករ អំពីបញ្ហាតម្លៃស្រូវចុះថោក ។
សម្តេច បញ្ជាក់ថា បច្ចុប្បន្ននេះ ពួកក្រុមជ្រុលនិយមនៅក្រៅប្រទេស មួយចំនួន រួមទាំងអ្នកនយោបាយចាស់វស្សាផងដែរ បានយកបញ្ហាកសិកម្ម មកញុះញង់ប្រជាពលរដ្ឋ និងប្រជាកសិករឱ្យងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាល ។
សម្តេចធិបតី បានថ្លែងថា កាលពីមុន ពួកជ្រុលនិយម បោះឆ្នោតមិនឈ្នះគណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់គ្រប់បែបយ៉ាងមកលើគណបក្សប្រជាជនកម្ពុជា ហើយពេលនេះ ពួកជ្រុលនិយម ដែលតែងអួតខ្លួនថា អ្នកប្រជាធិបតេយ្យនោះ បានញុះញង់ប្រជាពលរដ្ឋ ឱ្យផ្តួលរំលំរាជរដ្ឋាភិបាល តាមបែបមិនប្រជាធិបតេយ្យទៅវិញ ។
ពាក់ព័ន្ធនឹងបញ្ហាកសិកម្មនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចោទជាសំណួរទៅកាន់អ្នកនយោបាយចាស់វស្សានៅប្រទេសបារាំងថា បើសិនខ្លួនជាអ្នកស្នេហាជាតិមែន ហេតុអ្វីមិនស្នើសុំឱ្យបរទេស បើកទីផ្សារនាំចូលស្រូវអង្ករពីប្រទេសកម្ពុជា? ប៉ុន្តែផ្ទុយទៅវិញ អ្នកនយោបាយចាស់វស្សារូបនោះ តែងតែអំពាវនាវឱ្យបរទេស កាត់ទីផ្សារពីកម្ពុជាទៅវិញ ។
សម្តេច ថា ការយកចិត្តទុកដាក់លើកសិករ និងកសិកម្ម មិនគិតតែលើតម្លៃទីផ្សារតែមួយមុខទេ ពោល គឺមុននឹងឈានទៅដល់ការគិតគូរតម្លៃទីផ្សារ ដំបូងយើងត្រូវមានដីសិន ហើយដីនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការរៀបចំចុះបញ្ជី និងចែកបណ្ណកម្មសិទ្ធិដីធ្លីដល់អ្នកដែលអត់ដី។ ទី២ គឺទឹក បើគ្មានទឹក ប្រជាពលរដ្ឋក៏មិនអាចធ្វើការដាំដុះបានដែរ ជាក់ស្តែងរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើការកសាងទំនប់ប្រឡាយច្រើនសម្រាប់ធានាទឹកស្រោចស្រព ទាំងខែប្រាំង និងខែវស្សា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ