ឯកឧត្តម នេត្រ ភក្រ្តា ៖ ការគ្រប់គ្រងព័ត៌មាន និង សាធារណៈមតិ ជារឿងសំខាន់ដែលគេត្រូវយកចិត្តទុកដាក់ និង គិតគូ
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន គឺជាសេនាធិការរួមរបស់រាជរដ្ឋាភិបាលដែលការគ្រប់គ្រងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទោះបីយ៉ាងណានៅក្នុងក្របខណ្ឌនេះក្រសួងស្ថាប័ននីមួយៗក៏មានផ្នែករបស់ខ្លួនដែលគេហៅថាអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល យើងមានអ្នកនាំពាក្យ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ហើយយើងក៏មានក្នុងក្របខណ្ឌឆ័ត្ររួមមួយ គឺគណៈកម្មាធិការជាតិមួយសម្របសម្រួលកិច្ចការព័ត៌មាន និងកិច្ចការសាធារណៈមតិ ដែលជាយន្តការជាតិមួយ ឬ ដែលយើងហៅសាមញ្ញថា ជាបញ្ជាការដ្ឋានព័ត៌មាន របស់រាជរដ្ឋាភិបាល ដែលគ្រប់គ្រងផ្សព្វផ្សាយ ក៏ដូចជាគ្រប់គ្រងសាធារណៈមតិ របស់រាជរដ្ឋាភិបាល ។
ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥របស់ក្រសួងព័ត៌មាននាថ្ងៃទី២០ ខែ មករា ឆ្នាំ ២០២៥នេះឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ៖ យើងគួរដឹងថា មានការប្រែប្រួលផ្លាស់ប្តូរនៃនិន្នាការ ទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ពីការទទួលព័ត៌មានបុរាណពីទូរទស្សន៍ កាសែត វិទ្យុ ទស្សនាវដ្ថី ដែលគាត់អង្គុយទស្សនា អាន ហើយព័ត៌មានដែលគាត់ទទួលបាននោះគឺអ្វីដែលយើងតម្រូវឬរៀបចំជូនគាត់ ដើម្បីឱ្យគាត់ដឹង ។ ប៉ុន្តែបច្ចុប្បន្ននេះបានផ្លាស់ប្តូរពោលគឺពីប្រព័ន្ធផ្សព្វផ្សាយបុរាណមកជាប្រព័ន្ធផ្សព្វផ្សាយទំនើប។
ឯកឧត្តមបញ្ជាក់បន្ថែមថា ៖ ក្រោយពីធ្វើបច្ចុប្បន្នភាពនៅក្នុងឆ្នាំ២០២៣យើងមានប្រព័ន្ធផ្សព្វផ្សាយបុរាណ ក្នុងនេះមានវិទ្យុ ទូរទស្សន៍ កាសែត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតដែលជាប្រព័ន្ធផ្សព្វផ្សាយបុរាណ និង រួមទាំងប្រព័ន្ធផ្សព្វផ្សាយថ្មីមានជាង ២០០០ស្ថាប័ន ប៉ុន្តែក្រោយពីធ្វើបច្ចុប្បន្នភាពនៅចុងឆ្នាំ២០២៤នេះ យើងមាននៅសល់ប្រមាណ ១៦០០ស្ថាប័នពីព្រោះមួយចំនួនបានបិទទ្វារ ។
រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា៖នៅពេលដែលនិន្នាការ ប្រជាពលរដ្ឋទទួល បានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយទំនើបច្រើនជាង។ឥឡូវនេះបើយើងនិយាយពីកម្រិត នៃ អត្រាភាគរយត្រឹមតែ៣០ភាគរយប៉ុណ្ណោះ ដែលគាត់ចំណាយពេលនៅមុខកញ្ចក់ទូរទស្សន៍ ជាពិសេសចាស់ៗ។ ហេតុអ្វីចាស់ៗចង់មើលទូរទស្សន៍ ស្តាប់វិទ្យុ ពីព្រោះគាត់ចង់ឱ្យបានរូបធំព្រោះភ្នែកគាត់អន់។ហេតុនេះទើបនិន្នាការនេះ ក្រុមមនុស្សចាស់ៗនៅតែស្រឡាញ់ទូរទស្សន៍និងស្តាប់វិទ្យុ ដដែលអត់ទាន់ចូលស្មាតហ្វូនទេ តែសម្រាប់ក្មេងៗវិញចាប់ផ្តើមរុញចូលហើយ។
ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានក្រើនរំលឹកថា៖ក្នុងរឿងនេះបានធ្វើឱ្យយើងស្ថិតនៅក្នុងបរិបទ បច្ចុប្បន្ន និងទៅមុខ សូមកុំរំពឹងថាស្ថានភាពនៃការងារគ្រប់គ្រងព័ត៌មាន និងសាធារណៈមតិ ស្រួលជាងនេះ។ យើងត្រូវត្រៀមខ្លួនគុណនឹង២គុណនឹង៣សម្រាប់ការគ្រប់គ្រង ព័ត៌មាន និងសាធារណៈមតិក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល ក្នុងក្របខណ្ឌ ស្ថាប័នក្រសួងស្ថានប័ន ក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ។ពីព្រោះថាដោយសារបច្ចេកវិទ្យាព័ត៌មានវិទ្យា កាន់តែរីកចម្រើន ក្នុងនោះអ្វីដែលយើងសង្កេតគឺពាក់ព័ន្ធជាមួយ មធ្យោបាយក្នុងនោះព័ត៌មានវិទ្យា និងល្បឿននៃ បញ្ជូនព័ត៌មាន។ពិសេសជាងនេះទី២ដែលយើងប្រឈមនៅរយៈពេលខាងមុខ គឺការរីកដុះដាលនៃប្រព័ន្ធបច្ចេកវិទ្យាទំនើបគឺសញ្ញាសម្បនិម្មិតAI ដែលថាតើកម្រិតនោះនឹងចូលរំខានក្នុងវិស័យព័ត៌មានរបស់យើងពោលគឺក្នុងព័ត៌មាន និង សោតទស្សន៍ ក្នុងកម្រិតណា ។
ឯកឧត្តម នេត្រ ភក្រ្តា បានលើកឡើងដោយបញ្ជាក់ថា៖បច្ចុប្បន្ននេះគេបានប្រើប្រាស់សម្លេង រូបភាពដើម្បីក្លូន ហើយនិង ដើម្បីប្រើសារក្លែងក្លាយដែលចូលទៅក្នុងក្របខណ្ឌ ព័ត៌មាន និងសាធារណៈមតិ ។ទាំងអស់នេះថាអ្វីដែលយើងត្រូវមើលថាកិច្ចការងារបច្ចុប្បន្នការគ្រប់គ្រងព័ត៌មានសំខាន់ដែលគ្របដណ្តប់ទៅលើមតិយោបល់ អារម្មណ៍របស់ប្រជាពលរដ្ឋ ចំណុចនេះយើងគួរលើកឡើងថាការងារព័ត៌មាន និងសាធារណៈមតិបច្ចុប្បន្នគឺជាសមរភូមិដណ្តើមអំណាច ត្រូវមើលថាប្រជាពលរដ្ឋមិនត្រូវពឹងទៅលើព័ត៌មានបុរាណទេ ហើយបើព័ត៌មានបុរាណមិនធ្វើអ្វីដែលជាតម្រូវការរបស់ពួកគាត់ទេ គាត់នឹងមានជម្រើសទៅលើព័ត៌មានទំនើបក្នុងនោះដូចជាតិកតុក ហ្វេសប៊ុកហើយបច្ចុប្បន្ននេះយើងមានតិកតុកជាង១០លានគណនីហ្វេសប៊ុក ហ្វេសប៊ុកមាន១៥លានគណនីយបូកបញ្ចូលគ្នា២៥លានគណនីយដែលស្មើនឹង២៥លានអង្គភាពព័ត៌មាន។
ឯកឧត្តមមានប្រសាសន៍ថាបើយើងមិនស្រួចស្រាល់ទេ ទៅលើការពង្រឹងខ្លួន និងការងារគ្រប់គ្រង យើងប្រាកដជារត់តាមស្ថានការរៀងរហូតយើងមានតែដើរបក់ផ្សែង តែមិនមែនជាការពន្លត់ភ្លើង ។ ចំណុចនេះ យើងត្រូវពង្រឹង តួនាទីរបស់ក្រសួងព័ត៌មានក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងព័ត៌មាន និង សាធារណៈមតិ ហើយផ្តល់តួនាទីគាំទ្រដល់ក្រសួង មន្ទីរស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង៕
ដោយ ៖ ដេប៉ូ
រូបភាព ៖ លោក រិន រចនា