អ៊ីស្រាអែលផ្តើមដោះលែងអ្នកទោសប៉ាឡេស្ទីន
បរទេស៖ ឡានក្រុងពីរគ្រឿង ដឹកអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានដោះលែងដោយអ៊ីស្រាអែល អនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ត្រូវបានស្វាគមន៍ ពីហ្វូងមនុស្សដ៏ច្រើន នៅតំបន់ West Bank នៅម៉ោង២ទៀបភ្លឺ ឈាងចូលដល់ព្រឹក ថ្ងៃច័ន្ទនេះ។
ទិដ្ឋភាពបង្ហាញពីការឱប យំស្រក់ទឹកភ្នែក ខណៈពេលដែលមនុស្សជាច្រើននាក់ បានស្រែកច្រៀង គ្រវីទង់ ហើយ អ្នកផ្សេងទៀតបានបាញ់កាំជ្រួច នៅជាយក្រុង Beitunia ដែលធ្លាប់តែស្ងប់ស្ងាត់ខ្លាំង។
ក្នុងរយៈពេល ៤២ថ្ងៃខាងមុខ ប្រជាជនប៉ាឡេស្ទីនប្រហែល ១,៩០០នាក់ នឹងត្រូវដោះលែង ជាថ្នូរនឹងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៣៣នាក់ ដែលក្រុមហាម៉ាស់ ចាប់ពង្រត់ នៅហ្គាហ្សា។
សេវាពន្ធនាគារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានបញ្ចប់ការដោះលែងអ្នកទោសប៉ាឡេស្ទីន ចំនួន៩០នាក់ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ដែលបានចូលជាធរមាន បានមួយថ្ងៃ។
សេវាកម្មនេះ បាននិយាយថា «ភេរវករទាំងអស់ ត្រូវបានដោះលែង ពីពន្ធនាគារ Ofer និងមជ្ឈមណ្ឌលឃុំឃាំង Jerusalem» ដោយសំដៅ ទៅលើអ្នកទោសប៉ាឡេស្ទីន នេះបើតាមសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលត្រូវបានចេញផ្សាយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត