សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រំពឹងថា ទស្សនកិច្ចការងារ និងលទ្ធផលនៃកិច្ចប្រជុំលើកទី១នេះ នឹងរួមចំណែកពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-ប៉ាគីស្ថានបន្ថែមទៀត ។
សម្តេចតេជោ ហ៊ុន សែន បានរំពឹងបែបនេះ ខណៈ អនុញ្ញាតឱ្យ ឯកឧត្តម Jam Kamal Khan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាននៅកម្ពុជា ។
សម្តេច បានជម្រាបជូន អំពីការកំណត់យកការទូតសភា ជាអាទិភាពការងារមួយរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំពង្រឹងការងារការទូត នៅក្នុងបរិបទពិភពលោកលោកបច្ចុប្បន្ន ដែលមានការវិវត្តប្រែប្រួលឆាប់រហ័ស ស្មុគស្មា្ញញ មិនប្រាកដប្រជា និងវិលវល់ចុះឡើង។
ឯកឧត្តម Jam Kamal Khan បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សម្តេចតេជោ ដែលបានជួយរួមចំណែកដល់ការពង្រីង និងពង្រីកទំនាក់ទំនងដ៏យូរអង្វែង នៃប្រទេសទាំងពីរ និង អបអរសាទរចំពោះភាពរីកចម្រើនអស្ចារ្យរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ។
ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ប៉ាគីស្ថាននឹងខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយតំបន់ រួមទាំងកម្ពុជា ដោយសង្កេតឃើញអំពីកាលានុវត្តភាពជាច្រើនរវាងប្រទេសទាំងពីរ និងផលបច្ច័យសេដ្ឋកិច្ចរបស់តំបន់ ដែលកើតចេញពីគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។ ប៉ាគីស្ថាននឹងលើកកម្ពស់ ទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគជាមួយកម្ពុជា តាមរយៈការជំរុញធុរជនប៉ាគីស្ថានមកទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរធុរជនរវាងប្រទេសទាំងពីរ ដើម្បីឱ្យក្លាយជាមូលដ្ឋាននៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ ដោយកម្ពុជា និងប៉ាគីស្ថាន ទទួលបានរបបអនុគ្រោះពន្ធ(GSP)នោះ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា កម្ពុជា និងប៉ាគីស្ថាន គួរប្រើប្រាស់ឱ្យអស់លទ្ធភាព នូវរបបអនុគ្រោះពន្ធនេះ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីភាពស្រដៀងគ្នានៃសេដ្ឋកិច្ចប៉ាគីស្ថាន និងកម្ពុជា ដូចជាការអភិវឌ្ឍលើវិស័យកសិកម្ម វាយនភ័ណ្ឌ និងកាត់ដេរស្បែកជើងជាដើម។
ជាការឆ្លើយតប សម្តេចតេជោ បានផ្តល់អនុសាសន៍ថា កម្ពុជា-ប៉ាគីស្ថានគួរតែចាប់យកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាកំណល់លើកកម្ពស់ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបន្ថែមទៀត។ នៅក្នុងបរិបទេនេះ សម្តេច បានសម្តែងនូវក្តីសង្ឃឹមថា គណៈកម្មាធិការពាណិជ្ជកម្មចម្រុះនៃប្រទេសទាំងពីរនឹងពិភាក្សាគ្នាពិនិត្យលទ្ធភាពជ្រើសរើសយកវិស័យណាដែលប្រទេសទាំងពីរធ្វើកិច្ចសហប្រតិបត្តិការ ជាមួយគ្នាបាន ដើម្បីឱ្យស័ក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។
សម្តេចបន្ថែមថា នៅពេលខាងមុខ គណៈកម្មាធិការចម្រុះ គួរធ្វើការពិនិត្យលើ កិច្ចព្រមព្រៀងស្តីពីការគាំពារអ្នកវិនិយោគ និងការមិនយកពន្ធត្រួតស៊ីគ្នាជាដើម…ដើម្បីជំរុញការវិនិយោគទ្វេភាគី និងជំរុញការធ្វើសមាហរណកម្ម សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរទៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក បន្ថែមទៀត។
ទន្ទឹមគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងដើម្បីជាការគិតគូរពិចារណាផងដែរអំពីភាពប្រហាក់ប្រហែលគ្នា ឬលក្ខណៈស្រដៀងគ្នា នៃសេដ្ឋកិច្ចរបស់កម្ពុជា-ប៉ាគីស្ថាន ដែលភាគីទាំងពីរ ត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជា-ប៉ាគីស្ថាន មានលក្ខណៈបំពេញបន្ថែមឱ្យគ្នា ជាជាងការប្រកួតប្រជែងគ្នា ដើម្បីចៀសវាងនូវការប៉ះពាល់ ទៅលើផលប្រយោជន៍នៃប្រទេសទាំងពីរ។
សម្តេចតេជោ បានលើកឡើង អំពីការវិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ក្នុងរយៈពេលកន្លងមក។ ហើយបានបញ្ជាក់ អំពីការខិតខំពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា តបទៅនឹងរបត់នយោបាយសេដ្ឋកិច្ច របស់ប្រទេសធំៗ និងស្ថានភាព នៃរបបអនុគ្រោះពន្ធផងដែរ ។
សម្តេចតេជោ ក៏បានជម្រាបជូនអំពីប្រវត្តិសាស្រ្ត និងការកសាង និងថែរក្សាសន្តិភាព និងស្ថិរភាពកម្ពុជារយៈពេលវែង និងមូលដ្ឋាននៃការផ្ទេរអំណាចរបស់សម្តេច ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី។ សម្តេច ក៏បានសម្តែងនូវភាពជឿជាក់ចំពោះសមត្ថភាពរបស់ថ្នាក់ដឹកនាំជំនាន់ថ្មីទាំងនោះ ក្នុងកិច្ចខិតខំលើកកម្ពស់ការអភិវឌ្ឍជូនជាតិមាតុភូមិ។
សម្តេចតេជោ បានលើកឡើងផងដែរអំពីស្ថានភាពគោលនយោបាយ សេដ្ឋកិច្ចអន្តរជាតិនានា ដូចជាគោលនយោបាយរបស់សហរដ្ឋអាមេរិក តាមរយៈការឡើងកាន់តំណែងសាជាថ្មីរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងការវិវត្តរបស់ក្រុមប្រទេស BRICS ជាដើម ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ