ហេតុការណ៍បាក់ដីនៅឥណ្ឌូនេស៊ី ឆក់យកជីវិតមនុស្សកើនដល់ ២០នាក់

ហ្សាកាតា ៖ ចំនួនអ្នកស្លាប់ដោយសារហេតុការណ៍បាក់ដីនៅក្នុងតំបន់នៃខេត្តជ្វាភាគកណ្តាល របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ២០នាក់ហើយ។ នេះបើយោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី (BNPB)។

កាលពីថ្ងៃពុធសប្តាហ៍នេះ សាកសពមនុស្ស ៣នាក់ទៀតត្រូវបានរកឃើញដោយក្រុមសង្គ្រោះដែលគាំទ្រដោយប៉ូលិស និងយោធា។ ប្រធានទីភ្នាក់ងារ BNPB លោក Suharyanto ដែលបានទៅទស្សនាទីតាំងកើតហេតុ បាននិយាយថា មនុស្ស ៧នាក់នៅតែបាត់ខ្លួន និង ១៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងគ្រោះមហន្តរាយនេះ។

បច្ចុប្បន្នប្រជាជនជាង ១០០នាក់កំពុងជ្រកកោនក្នុងជម្រកបណ្ដោះអាសន្ន ខណៈដែលការធ្លាក់ភ្លៀងខ្លាំងនៅក្នុងទីក្រុង Pekalongan ដែលជាទីក្រុងធំនៃខេត្តនេះ បានបង្កឱ្យមានការបាក់ដីយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអង្គារសប្តាហ៍នេះ។

ឥណ្ឌូនេស៊ី តែងតែជួបប្រទះនឹងគ្រោះមហន្តរាយឧតុនិយមក្នុងរដូវវស្សា។ តួយ៉ាង កាលពីខែវិច្ឆិកាកន្លងទៅ ទីភ្នាក់ងារឧតុនិយម និងភូគព្ភសាស្ត្រ បានព្រមានថា ប្រទេសឥណ្ឌូនេស៊ីបានឈានចូលរដូវវស្សាហើយ ដោយកម្រិតទឹកភ្លៀងរំពឹងថា នឹងកើនឡើងពី ២០ភាគរយ ទៅ ៤០ភាគរយ ដោយសារតែបាតុភូតអាកាសធាតុ La Nina ខ្សោយ ដែលជាធម្មតានាំមកនូវលក្ខខណ្ឌអាកាសធាតុសើម៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner