ឯកឧត្តម នេត្រ ភក្រ្តា៖ទិសដៅការងារឆ្នាំ២០២៥ក្រសួងនឹងបង្កើនល្បឿន ស្រួចស្រាល់ និងប្រកបដោយរឹងមាំ

(ភ្នំពេញ)៖រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ពីទិសដៅការងារថ្មីក្នុងឆ្នាំ ២០២៥ ព្រមជាមួយនឹង បង្ហាញពីការប្តេជ្ញាចិត្តពីការបង្កើនការងារ​អាទិ​ភាពក្នុងនេះដូចជាវិស័យព័ត៌មាន និង សោតទស្សន៍ ហើយនិងការងារដទៃ​ទៀតដោយបង្កើនល្បឿន ស្រួចស្រាល់ និងព្រមទាំងប្រាកដប្រជា។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងព័ត៌មានឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ២០២៥ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា បានឱ្យដឹងថា៖សម្រាប់មូល​ដ្ឋានធំនៃការងារដែលក្រសួងត្រូវបំពេញនាឆ្នាំ២០២៥គឺក្រសួងនឹងបង្កើនល្បឿន។

យើងបានចាប់ហ្វ្រាំងនៅឆ្នាំ២០២៤ តែឆ្នាំ២០២៥គឺជាឆ្នាំបន្តដំណើរ ហើយ​នឹងចាប់ផ្តើមក្នុងល្បឿនមួយបន្តិចម្តងៗព្រមទាំងទៅមុខយ៉ាងល្អប្រសើរ ក្នុងនេះ​ការងារជាអាទិភាពទី១គឺកំណែទម្រង់ រដ្ឋបាលសាធារណៈ។ដោយក្រសួងនឹងផ្តោតសំខាន់ទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងនេះដូចជាក្តោបលើការវិភាគមុខងារ ការបំពេញមុខការងារ ដែលខ្វះចន្លោះ ឬ មុខងារ​ដែលកើតថ្មី ស្របជាមួយនឹងបរិវត្តកម្មឌីជីថល និងការវិវឌ្ឍន៍របស់សង្គម ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបញ្ជាក់បន្ថែមថា”អញ្ចឹងហើយបានជាក្រសួងបានបំពាក់តួនាទីបន្ថែមទៅដល់ក្រសួងព័ត៌មាន​ ដែលការបំពាក់បន្ថែមនេះហើយវានឹង​លេច​ចេញជារូបរាងនៃតួនាទីគាំទ្រនូវមុខងារ គាំទ្រក្រសួង ទៅក្រសួងស្ថាប័ន ។ក្រសួងរបស់យើងមានមុខងារ២គឺមុខងារស្នូលគ្រប់គ្រង និងដឹកនាំ វិស័យ​ព័ត៌មាន និង សោតទស្សន៍នៅកម្ពុជា។មុខងារទី២គឺគាំទ្រ កិច្ចការសាធារណៈ​របស់ក្រសួង ស្ថាប័នដែលរួម មុខងារស្នូល និងមុខងារ គាំទ្រ។វាគឺជាយន្តការ​ដែលក្រសួងព័ត៌មានមានតួនាទី ការការពារនៃព័ត៌មាន និង សាធារណមតិ​ចំពោះរ​ដ្ឋាភិបាល ចំពោះរដ្ឋាភិបាល ហើយនិងប្រទេស”។

ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា ៖”ស្របពេលដែលបដិវត្ត​បច្ចុប្បន្ន​ការងារព័ត៌មាន និងសាធារណមតិកាន់តែស្រួចស្រាល់ ហេតុនេះ​ក្រសួងព័ត៌មានក៏កាន់តែស្រួចស្រាល់ក្នុងតួនាទីរបស់ខ្លួន ។ ដូចនេះល្បឿន​ការងាររបស់ក្រសួងមិនអាចធ្វើក្នុងល្បឿនមួយដែលធម្មតាបានទេ ។ជាមួយ​គ្នាការផ្លាស់ប្តូរផ្នត់គំនិត ក៏ដូចជាកិច្ចការងារមួយចាំបាច់ ។សម្រាប់​ជំហ៊ាន​ទី ២ទៀតយើងនឹងអនុវត្តជ្រើសរើសមន្រ្តីតែពេលនេះយើងមិនទាន់សម្រេចបាននូវអនុក្រិត្យ នៅឡើយទេ អញ្ចឹងការជ្រើសរើសមន្រ្តីបានត្រឹមតែ​អ្នកចូល​និវត្តន៍ ប៉ុន្មានគឺយើងយកប៉ុនហ្នឹង”។

ឯកឧត្តមបានថ្លែងដែរថា”យើងនឹងឈរលើអភិក្រមរបស់រាជរដ្ឋាភិបាលបានដាក់ចុះដោយក្នុងនេះយើងនឹងពង្រឹងជាជាងពង្រីក ជាមួយគ្នាការនោះគឺជាអ្វី​ដែលអភិក្រមដែលយើងត្រូវធ្វើ ហើយពង្រឹងនិងបង្រួម ជាជាងពង្រីក គឹជាអ្វី​ដែលអភិក្រម ត្រូវធ្វើ”។

ឯកឧត្តម នេត្រ ភក្រ្តាបានថ្លែងបញ្ជាក់បន្ថែមថា ”យ៉ាងណាក្តីក្នុងក្រប​ខណ្ឌ​ក្រសួង​យើង អ្វីដែលត្រូវធ្វើ ឈរលើទស្សនៈថែរក្សានូវកេរ្តិ៍ដំណែល ថែរក្សានូវ​ប្រវត្តិសាស្រ្ត ប៉ុន្តែបំពេញតួនាទីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងតម្រូវ​ការដែលចាំបាច់សម្រាប់ទៅមុខ”។

រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកឡើងផងថាកំណែទម្រង់នាំឱ្យឈឺចាប់ តែបើ​យើង​​មិន​កំណែទម្រង់ អ្វីដែលយើងត្រូវដឹងទ្រឹះស្តីរបស់សម្តេចតេ​ជោគឺ៩៩​ភាគរយយើងស្លាប់ តែបើយើងធ្វើកំណែទម្រង់៩៩ភាគរយយើង​នៅមានជីវិត​រស់ទៅមុខ។ចំណុចនេះយើងត្រូវធ្វើ ហើយទិសដៅរដ្ឋាភិបាលគឺ ២៥ឆ្នាំ​ទៅមុខ។អញ្ចឹងការរៀបចំគោលនយោបាយក្តី ការរៀបចំចក្ខុ​វិស័យក្នុង​ក្រប​ខណ្ឌព័ត៌មាន និងសោតទស្សន៍ក្តី គឺត្រូវសម្លឹង២៥ឆ្នាំទៅមុខ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner