ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ អ្នកទទួលជ័យលាភីនាពេលនេះ ជាកុលបុត្រ កុលធីតាឆ្នើម ដែលបានចូលរួមកសាងខឿនសេដ្ឋកិច្ចនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ

(កំពត)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចាត់ទុកអ្នកទទួលបានជ័យលាភីនាពេលនេះថាជាកុលបុត្រ កុលធីតាឆ្នើមដែលបានជួយបំពេញបន្ថែមក្នុងការចូលរួមកសាងខឿនសេដ្ឋកិច្ចនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ ។

នេះជាការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីនិងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជាក្រោមប្រធានបទ” កម្ពុជាមាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ”, កម្មវិធីប្រលងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតនិងព្រែកកំសាន្តស្អាត និងកម្មវិធីប្រលងប្រណាំងវីដេអូខ្លី” មាតុភូមិខ្ញុំ ឆ្នេរស្អាតនិងព្រែកស្អាត” ដែលបានធ្វើឡើងនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ឱ្យមានការកសាងភាពជាសហគមន៍នៅក្នុងសង្គមជាតិ មានន័យថានិស្សិត ស្ថាបត្យករ ឬអ្នករៀបចំក្រុង អាចផ្តល់មតិយោបល់ដល់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាដែលតែងតែបើកចំហជានិច្ចក្នុងការទទួលយកគំនិតល្អៗដើម្បីរៀបចំកសាងតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យកាន់តែល្អប្រសើរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្មវិធីប្រលងប្រណាំងទាំងនេះមិនគ្រាន់តែជាការប្រកួតប្រជែងសមត្ថភាពដើម្បីជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញសមត្ថភាពទេពកោសល្យដែលខ្លួនមានក្នុងការចូលរួមរៀបចំផ្ទះសម្បែងឬប្រទេសជាតិរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងល្អប្រសើរ ស្របតាមប្រសាសន៍ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែចង្អុលបង្ហាញថាពេលវេលានេះគឺជាពេលវេលាដែលយើងត្រូវរៀបចំផ្ទះសម្បែងរបស់យើងអោយបានត្រឹមត្រូវល្អប្រសើរបន្ថែមទៀត ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកកម្មវិធីប្រកួតប្រជែងនេះ ជាការចូលរួមចំណែកដ៏ប្រពៃបំផុត ជាពន្លកសង្គមថ្មី ជាអ្នកបន្តវេន ក្នុងការរួមគិត ក្នុងដំណើរកសាងនិងអភិវឌ្ឍមាតុភូមិកម្ពុជា របស់យើងឱ្យបានរៀបរយ ខ្ជាប់ខ្ជួន ស្របតាមអនុសាសន៍ដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សូមគាំទ្រលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ និង សហការីទាំងអស់ បន្តចូលរួមចលនា រៀបចំរបៀងសេដ្ឋកិច្ចរបស់ខេត្តតាម បណ្តោយឆ្នេរសមុទ្រ ឱ្យបានសកម្មដោយសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មិនមែនត្រឹមការអភិវឌ្ឍតាមសក្តានុពលរបស់ឆ្នេរតែម្យ៉ាងនោះទេ គឺក្រុង-ខេត្តជារួម ដើម្បីបង្កើតបរិយាកាស និងលក្ខខណ្ឌប្រកប ដោយផ្តើមចេញពី ការគិតគូររៀបចំជាទស្សនីយភាព រឺបទពិសោធន៍ថ្មីនិងប្លែក ដើម្បីពង្រីក សក្តានុពលទេសចរណ៍ប្រចាំទីតាំងរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ទាក់ទាញចំណាប់អារម្មណ៍ជាងមុន មានជម្រើស និងរសនិយមសម្បូរបែប សម្រាប់ភ្ញៀវទេសចរមកលំហែកម្សាន្ត។

បន្ថែមលើកត្តាសុខសន្តិភាពជាលក្ខខណ្ឌមូលដ្ឋានដែលមាននាពេលបច្ចុប្បន្ន សូមបន្តគាំទ្រដល់ការគិតគូរពង្រឹងសុវត្ថិភាព សុខុមាលភាព រួមមាន បញ្ហាសំណល់រឹង-រាវ អនាម័យ សណ្តាប់ធ្នាប់ របៀបរៀបរយ បន្តថែទាំនិងពង្រឹងគុណភាពសេវាកម្មចាំបាច់ មានជាអាទិ៍ ទីកន្លែងស្នាក់នៅក្នុងតម្លៃសមរម្យ ម្ហូបអាហារប្រកបដោយឱជារសមានអនាម័យ សេវាអ៊ិនធើនេតល្អ ដោយចាត់ទុកកិច្ចការទាំងនេះ ជាការងារចាំបាច់ត្រូវគិតគូរបំពេញបន្ថែមជាប្រចាំ សំដៅលើកកម្ពស់ខឿនសេដ្ឋកិច្ចតាមតំបន់ឆ្នេរ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល ជាគុណតម្លៃនៃការរៀបចំសង្គមទៅអនាគតមួយឆ្ពោះទៅមុខ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner