អង្គការសមាគមសង្គមស៊ីវិលជាង២០ស្ថាប័ន ស្នើដល់រាជរដ្ឋាភិបាលក្នុងការពន្លឿនការតាក់តែងច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវករ

ភ្នំពេញ៖ អង្គការសមាគមសង្គមស៊ីវិលជាង២០ស្ថាប័ន បានស្នើដល់រាជរដ្ឋាភិបាលក្នុងការពន្លឿនការតាក់តែងច្បាប់ដាក់ក្រុមជ្រុលនិយមជាភេរវករ ដើម្បីសុខសន្តិភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ការស្នើឱ្យពន្លឿនការតាក់តែងច្បាប់ភេរវកម្មនេះ ពីព្រោះក្រុមប្រឆាំងជ្រុលនិយមនៅតែបង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

បណ្ឌិត ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលបានមានប្រសាសន៍ថា ទណ្ឌិត សម រង្ស៊ី នៅតែធ្វើការអំពាវនាវទដល់កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងគណបក្សនយោបាយ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមក្នុងចលនាតស៊ូជាតិ និងចលនាផ្ការីករបស់ខ្លួន ដែលនេះគឺជាការបង្ហាញឲ្យឃើញច្បាស់ថា ការអំពាវនាវនេះ គឺដើម្បីធ្វើចលនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលធ្វើការបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋ។ ទណ្ឌិតក្បត់ជាតិរូបនេះ លែងចង់បានលទ្ធិប្រជាធិបតេយ្យហើយ គឺចង់បានតយែអំណាចដោយធ្វើបដិវត្តន៍ពណ៌។ ពីពេលនេះទៅ គឺទណ្ឌិត សម រង្ស៊ី ចាប់ផ្តើមប្រមូលប្រជាពលរដ្ឋធ្វើការឃោសនាលើបណ្តាញសង្គមដើម្បីធ្វើបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសុខសន្តិភាព និងដើម្បីៅអំណាច ឬផលប្រយោជន៍បក្ខពួកខ្លួន។ បណ្ឌិត ហែម ប្រសើរ បានបន្តថា ក្នុងនាមប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលដែលមានអង្គការសមាគមសង្គមស៊ីវិលជិត៣០ស្ថាប័ន សុំស្នើទៅដល់រាជរដ្ឋាភិបាលពន្លឿនក្នុងការពន្លឿនការតាក់តែងច្បាប់ដាក់ក្រុយមជ្រុលនិយមជាភេរវករឱ្យបានកាន់តែលឿន គឺកាន់តែល្អ ដើម្បីសុខសន្តិភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

ចំណែកឯកឧត្តម សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ក្រសួងយុត្តិធម៌កំពុងសិក្សាលើទិដ្ឋភាពច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ។

រីឯឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា អង្គការសមាគមក្រៅរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាទូទៅ គឺមើលឃើញច្បាស់ក្រុមជ្រុលនិយមមួយក្តាប់តូចនេះ គឺបាននឹងកំពុងធ្វើសកម្មភាពដែលមានចរិតបំផ្លិចបំផ្លាញរារាំងដល់ការអភិវឌ្ឍន៍ប្រទេស ហើយដើរតួនាទីជាអ្នកញុះញង់ លាបពណ៌ បង្កើតព័ត៌មានប្រឌិតបំផ្លើសបំភ្លៃចោទប្រកាន់ដែលគ្មានភស្តុតាងដែលបង្កឲ្យមានជម្លោះបែកបាក់ផ្ទៃក្នុងជាតិ ក៏ដូចជាបង្កឱ្យមានបញ្ហាជាមួយប្រទេសជិតខាងជាដើម វាជាបញ្ហាមួយដែលអង្គការសមាគមទាំងអស់នេះ ក៏ដូចជាប្រជាពលរដ្ឋ គឺគាត់អត់ពេញចិត្តសកម្មភាពរបស់ក្រុមជ្រុលនិយមដែលមានលក្ខណៈបំផ្លិចបំផ្លាញ ហេតុនេះឱ្យបានជាមានការស្នើសុំបែបនេះ។

សូមជម្រាបថា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ – ០៧.០១.២០២៥) កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ដល់ពេលហើយដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ព្រមជាមួយនោះ យើងក៏ត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ៕
ដោយ៖ពលជ័យ

ads banner