រាជរដ្ឋាភិបាល បន្តរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងល្អប្រសើរ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានជម្នះ និងអនុវត្តប្រកបដោយផ្លែផ្កានូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តរក្សាបាននូវស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ។

សម្តេចធិបតី បានគូសរំលេចថា ទោះបីជាយើងបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើននៅឆ្នាំ២០២៤ ទាំងក្នុងនិងក្រៅប្រទេស ដូចជាការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ក្រុមជ្រុលនិយមតាមរយៈ បដិវត្តន៍ពណ៌ ក៏ដូចជាការវិវត្តដ៏ស្មុគស្មាញ នឹងប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍តំបន់ និងអន្តរជាតិយ៉ាងណា ក៏ដោយ ក៏រាជរដ្ឋាភិបាលបានជម្នះ និងអនុវត្តប្រកបដោយផ្លែផ្កានូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមទាំង កម្មវិធីគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង ៥ ក៏ដូចជាបណ្តាការដ្ឋានកែទម្រង់នានា ដោយបន្តរក្សាបាននូវស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ ។

សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបាន ខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» នាពេលកន្លងមក។ ទោះបីជាបានសម្រេចនូវវឌ្ឍនភាពល្អប្រសើរជាច្រើនក៏ដោយ ក៏ សម្តេចធិបតី បន្តក្រើនរំលឹកដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេស រដ្ឋបាលរាជធានី ខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បន្តអនុវត្តកិច្ចការងារនេះឱ្យដូច ភ្លៀងរលឹម ដោយត្រូវចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេស បទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាព សំដៅរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយមិនត្រឹមតែអនុវត្តច្បាប់ទេ តែក៏ត្រូវប្រកាន់យកវិធានការអប់រំ ឱ្យបានច្រើន ដើម្បីបង្ការកុំឱ្យកើតមានបញ្ហាក្មេងទំនើង និងបញ្ហាផ្សេងទៀត ។

សម្តេចធិបតី ក៏បានក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមរាជធានី ខេត្ត ពង្រឹង ការងាររបស់ខ្លួនបន្ថែមទៀត ជាពិសេស ការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងយល់ពី តម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋផង និងដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner