ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម និង Alibaba Cloud (Singapore) ឯកភាពគ្នាអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជិថល និងជំនាញទីផ្សារ
(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងលោក Allen Zhang អនុប្រធាននៃ Alibaba Cloud (Singapore) Private Limited នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីការអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការលើកកម្ពស់អក្ខរកម្មឌីជិថល និងជំនាញទីផ្សារ”។
អនុស្សរណៈនៃការយោគយល់នេះ រៀបចំឡើងក្នុងគោលបំណងផ្ដោតលើវិសាលភាពនៃកិច្ចសហប្រតិបត្តិការចំនួន៤ រួមមាន៖ (១) ការបង្កើតថ្នាលពាណិជ្ជកម្មអេឡិចត្រូនិច (២) ការផ្តល់វគ្គបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងទីផ្សារឌីជីថល និង (៣) ការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ ដើម្បីជម្រុញប្រសិទ្ធភាពទីផ្សារពាណិជ្ជកម្មក្នុងស្រុក និងផ្សារភ្ជាប់ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ទៅនឹងទីផ្សារ ពាណិជ្ជកម្មអន្តរជាតិ។
កិច្ចសហប្រតិបត្តិការនាពេលនេះ គឺជាជំហានសម្រាប់ ក.ប.ទ. ក្នុងការចូលរួមជម្រុញវិស័យពាណិជ្ជកម្មអេឡិចត្រូនិចសម្រាប់ប្រទេសកម្ពុជា បង្កើនសក្តានុពលនៃសហគ្រិន និងអ្នកបច្ចេកទេសផ្នែកពាណិជ្ជកម្ម និងធុរកិច្ចឌីជីថលក្នុងស្រុក ដើម្បីលើកកម្ពស់ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រទេសកម្ពុជា។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថលដូចជាការផ្តល់ជូនអាហារូបករណ៍ជំនាញឌីជីថលដល់សិស្សនិស្សិត, កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល, ការដាក់ចេញនូវផែនទីចង្អុលផ្លូវអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥, ការបង្កើតសហគមន៍ឌីជីថលកម្ពុជា និងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងគម្រោងចាំបាច់ជាច្រើនទៀត។
ក្នុងនោះដែរតាមរយៈអនុស្សរណៈនៃការយោគយល់នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្ថែមការគាំទ្រក្នុងវិស័យពាណិជ្ជកម្មដោយររៀបចំវគ្គបណ្តុះបណ្តាលជូនដល់សហគ្រិនក្នុងស្រុកដើម្បីជម្រុញការចាប់យកការប្រើប្រាស់ថ្នាលពាណិជ្ជកម្មឌីជីថលឱ្យបានជោគជ័យ និងពង្រឹងកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងពាណិជ្ជកម្ម ស្តីពីការគ្រប់គ្រងផ្នែកភស្តុភារនិងការដឹកជញ្ជូនតាមរយៈថ្នាលឌីជីថលរួម SuperApp ដើម្បីឱ្យការដឹកជញ្ជូនទាំងក្នុងស្រុកនិងអន្តរជាតិប្រព្រឹត្តទៅបានរលូននិងប្រកបដោយភាពច្បាស់លាស់៕
ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា