បុរសអាល្លឺម៉ង់បំបែកកំណត់ត្រា រស់ក្រោមទឹក ១២០ថ្ងៃ
បរទេស ៖ វិស្វករអវកាស ជាជនជាតិអាល្លឺម៉ង់ម្នាក់ បានបំបែក ឯតទគ្គកម្មពិភពលោក សម្រាប់ការរស់នៅក្រោមទឹក បានយូរបំផុត រយៈពេលដល់ទៅ ១២០ថ្ងៃ ពោលគឺនៅក្នុងនាវាមុជទឹក នាតំបន់ឆ្នេរសមុទ្រ នៃប្រទេស ប៉ាណាម៉ា។
លោក Rudiger Koch អាយុ៥៩ឆ្នាំ បានចាកចេញពីនាវា របស់លោកដែលមានទំហំ ៣០ ម៉ែត្រការ៉េ នៅក្រោមសមុទ្រ ហើយ ទទួលបានការឯកភាព ពីតំណាង Guinness World Records គឺ លោកស្រី Susana Reyes កាលពីថ្ងៃសុក្រ ជាមួយនឹង ការរៀបចំ ពិធីជប់លៀង អបអរសាទរ ផងដែរ។
លោកស្រី Susana Reyes បានបញ្ជាក់ថា លោក Rudiger Koch បានបំបែកឯតទគ្គកម្ម ដោយបានយកឈ្នះ លើជនជាតិអាមេរិក ឈ្មោះ Joseph Dituri ដែលធ្លាប់បានចំណាយពេល ១០០ថ្ងៃ រស់នៅ ក្នុងនាវាមុជក្រោមទឹក នៅក្នុងសមុទ្រ នៃ រដ្ឋ Florida សហរដ្ឋអាមេរិក។
លោក Koch បានប្រាប់ថា «វាជាការផ្សងព្រេង ដ៏អស្ចារ្យមួយ»។ លោក Koch ក៏បាននិយាយ រៀបរាប់អំពីទិដ្ឋភាពក្រោមទឹកថា «មានភាពស្រស់ស្អាត ស្ងប់ស្ងាត់ ងងឹត ហើយសមុទ្រ ក៏មានពន្លឺ ដែរ»។ លោកបានបន្ថែមថា «មិនអាចពិពណ៌នា អស់បានទេ អ្នកត្រូវទទួលបទពិសោធន៍នោះ ដោយខ្លួនឯង»។
គួរបញ្ជាក់ថា នាវាមុជទឹកទំនើប របស់លោក Koch មានទាំង គ្រែ បង្គន់ ទូរទស្សន៍ កុំព្យូទ័រ និងអ៊ីនធឺណិត សូម្បីតែ សម្ភារៈហាត់ប្រាណ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត




