គណបក្សប្រជាជនកម្ពុជា ជំរុញការអនុវត្តយ៉ាងសកម្ម នូវទិសដៅគោលនយោបាយការបរទេសសំខាន់ៗចំនួន ៤

(ភ្នំពេញ)៖ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជំរុញការអនុវត្តយ៉ាងសកម្មនូវទិសដៅគោលនយោបាយការបរទេសសំខាន់ៗចំនួន ៤ ។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅវិមាន៧មករា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស, សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ។ ចូលរួមក្នុងសន្និបាត រួមមាន សមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល មន្ត្រីគណបក្សជា សមាជិក សមាជិកានៃរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ និងតំណាងនៃគណៈកម្មាធិការគណបក្ស ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងអង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣ ៥៥៥រូប ។

អង្គសន្និបាត បានជំរុញការអនុវត្តយ៉ាងសកម្មនូវទិសដៅគោលនយោបាយការបរទេសសំខាន់ៗ រួមមាន (១) ប្រកាន់ ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ និងផ្អែកលើផលប្រយោជន៍ជាតិ ជាពិសេសគោរពយ៉ាង ម៉ឹងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាតិ និងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា, (២) មិនអនុញ្ញាតឱ្យមានការជ្រៀត ជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាដាច់ខាត និងមិនដោះដូរអធិបតេយ្យរបស់ជាតិជាមួយជំនួយ ឬភាពអនុគ្រោះ ណាឡើយ, (៣) គាំទ្រការសន្ទនា និងការទូត ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងប្រកាន់ខ្ជាប់គោលការណ៍ ទាំង៣ ក្នុងការចូលរួមក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកនានា ពោលគឺ ទី១-ជាយុទ្ធសាស្ត្រដែលគាំទ្រដល់សន្តិភាព និង ការអភិវឌ្ឍ, ទី២-មិនប្រើប្រាស់យុទ្ធសាស្ត្រនោះ ដើម្បីប្រឆាំងប្រទេសដទៃ និងទី៣-គាំទ្រដល់មជ្ឈភាពអាស៊ាន និងទស្សនវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិក និង(៤) បន្តគាំទ្រប្រព័ន្ធពហុភាគីដែលបើកចំហ សេរី បរិយាបន្ន យុត្តិធម៌ មានតម្លាភាព និងផ្អែកលើច្បាប់ តាមរយៈការប្រើប្រាស់ឱ្យអស់ពីសក្តានុពលនូវភាពជាសមាជិករបស់កម្ពុជានៅក្នុងអាស៊ាន ក៏ដូច ជាក្នុងអង្គការតំបន់ និងអន្តរជាតិដទៃទៀត រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner