អាល្លឺម៉ង់ ប្តេជ្ញាបំពេញតួនាទីជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងនោះ អាល្លឺម៉ង់ បានប្តេជ្ញាបំពេញតួនាទីជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃជំនួបពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ក្នុងអំឡុងពេលឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានចូលជួបសម្តែងការ គួរសមចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូត Messerer បានរំលឹកអំពីព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ រួមមាន ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម បណ្ឌិត Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ មកកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ២០២៣ និងកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាង សម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម Olaf Scholz អធិការបតីអាល្លឺម៉ង់ នៅក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល កាលពីខែធ្នូ ឆ្នាំ២០២២ ។
ឯកឧត្តម ប្រាក់ សុខុន និង ឯកអគ្គរដ្ឋទូត Messerer បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង ដែលកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ និងវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមមាន ៖ ពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍប្រកបដោយ និរន្តរភាព ការបោសសម្អាតមីន និងថាមពល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត Messerer បានយល់ស្របគ្នាថា ប្រទេសទាំងពីរ នៅមានឱកាសជាច្រើនទៀត សម្រាប់ពង្រីកពាណិជ្ជកម្មទ្វេភាគី ដែលមានលើសពី ១ប៊ីលានដុល្លារអាមេរិក នាឆ្នាំកន្លងទៅនេះ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើប្រទេសទាំងពីរពិចារណាលើការបញ្ចប់កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការជៀសវាងការយកពន្ធត្រួតស៊ីគ្នា និងការលើកកម្ពស់ និងការពារការវិនិយោគរួម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះការរួមចំណែកដ៏មានតម្លៃរបស់អាល្លឺម៉ង់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
ឯកឧត្តម ប្រាក់ សុខុន បានស្វាគមន៍ចំពោះការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់នៅខេត្ត ខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០២៤ ដែលការណ៍នេះឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែ ខ្លាំងឡើងរបស់អាល្លឺម៉ង់មកលើកម្ពុជា ។
ឯកអគ្គរដ្ឋទូត Messerer បានអះអាងសាជាថ្មីអំពីការប្តេជ្ញា ចិត្តរបស់អាល្លឺម៉ង់ ក្នុងការបំពេញតួនាទីជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ខណៈពេលដែលប្រទេសទាំងពីរកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ៕
ដោយ ៖ សួង ពិសិដ្ឋ




