បណ្ឌិត សួន សេរីរដ្ឋា៖ អ្នកវិភាគមួយចំនួនមិនហ៊ាននិយាយអំពីភាពដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងបានប្រឌិតរឿងខុសពីការពិតធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ
ភ្នំពេញ៖ បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាព បានមានប្រសាសន៍ថា អ្នកវិភាគមួយចំនួននៅក្រៅប្រទេសមិនដែលទទួលស្គាល់ការពិត ការរីកចម្រើននៅក្នុងប្រទេសកម្ពុជានោះទេ ពីព្រោះអ្នកវិភាគត្រូវឈរលើគោលការណ៍មួយ គឺខុសនិយាយថាខុស ត្រូវនិយាយថាត្រូវ។ ក៏ប៉ុន្តែបុគ្គលដែលគេហៅថា អ្នកវិភាគនោះ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានធ្វើ បានដឹកនាំត្រូវមានផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិ ក៏គេអត់ដែលលើកឡើងថា ការដឹកនាំ ឬក៏ការសម្រេចចិត្ត ឬក៏ទង្វើរបស់រដ្ឋាភិបាលត្រឹមត្រូវដែរ។ ផ្ទុយទៅវិញ គេព្យាយាមបិទបាំងនូវអ្វីដែលជាសមិទ្ធផលដែលជាការរីកចម្រើន ដែលជាភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ហើយគេឆ្កឹះយកបញ្ហាដែលវាមិនមែនជាការពិតយកទៅលើកត្រដាងលាបពណ៌ ហើយប្រឌិតបន្ថែមបញ្ចេញបញ្ចូលធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋស្តាប់ទៅ គឺថាមានការយល់ច្រឡំ។
ចំណុចនេះឃើញច្បាស់ថា វាមិនមែនឈរលើក្រមសីលធម៌អ្នកវិភាគទេ ហើយបើសិនជាមើលអំពីប្រវត្តិថា ហេតុអីបានជាពួកគេបានទៅរស់នៅក្រៅប្រទេស គឺដោយសារគេនិយាយដើម្បីឱ្យខុសនឹងច្បាប់របស់កម្ពុជា ប្រឆាំងនឹងច្បាប់របស់កម្ពុជា ដើម្បីបានឱកាសរត់ចោលស្រុក។ ការពិតនៅក្នុងប្រទេសកម្ពុជា គឺប្រជាពលរដ្ឋបានមើលឃើញដោយខ្លួនឯងហើយ មិនចាំបាច់មនុស្សម្នាក់ពីរនាក់រត់ចោលស្រុក មកនិយាយប្រឌិតរឿងលាបពណ៌វាយប្រហារ ក្នុងន័យដើម្បីដុតបញ្ជេះកំហឹងប្រជាពលរដ្ឋឱ្យខឹងឲ្យស្អប់រាជរដ្ឋាភិបាលទេ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះបានបន្តថា ទាក់ទងបញ្ហាកោះគុត ឬក៏ប្រភពធនធានរ៉ែនៅក្នុងដែនសមុទ្រ ការលើកឡើងរបស់អ្នកវិភាគក្រៅស្រុកថា ក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន ឃុបឃិតគ្នាជាមួយក្រុមគ្រួសារលោក ថាក់ស៊ីន ដែលមានកូនស្រីធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសថៃ ឃុបឃិតគ្នាដើម្បីយកធនធានរ៉ែពីតំបន់សមុទ្រត្រួតស៊ីគ្នារាប់រយពាន់លានដុល្លារយកមកធ្វើជាទ្រព្យផ្ទាល់ខ្លួន ដើម្បីរក្សាការពារអំណាច វាគឺជារឿងខុសបាត់ទៅហើយ ពីព្រោះរដ្ឋធម្មនុញ្ញកម្ពុជាទ្រព្យសម្បត្តិរ៉ែទាំងអស់ដែលនៅក្រោមទឹកក្រោមដី មិនមែនជារបស់បុគ្គលណាម្នាក់ទេ គឺជារបស់រដ្ឋ។ ដូច្នេះបើសិនជាមានគម្រោងវិនិយោគសិក្សារុករកស្រាវជ្រាវណាមួយ ក៏ជាគម្រោងដែលត្រូវតែទទួលបានការអនុម័តពីរដ្ឋ ពីរាជរដ្ឋាភិបាល ហើយបើសិនជាបានផលមកវិញក៏ផលនោះ គឺជាផលរបស់រាជរដ្ឋាភិបាលដែលត្រូវយកមកចិញ្ចឹមប្រជាពលរដ្ឋកម្ពុជា យកមកអភិវឌ្ឍន៍ប្រទេសកម្ពុជាដែរ។ វាមិនមែនជាផលដែលបានមកសម្រាប់ចែក ឬក៏គ្រប់គ្រងផ្តាច់មុខដោយក្រុមគ្រួសារណាមួយទេ។
អ្នកតាមដានព្រឹត្តិការណ៍រូបនេះបានបន្តទៀតថា អ្វីដែលក្រុមអ្នកវិភាគទាំងនោះនិយាយ គឺបំភ្លៃទាំងស្រុង ខុសទាំងស្រុង ហើយនិយាយចាក់ដោតក្នុងបំណងបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យខឹង ឱ្យស្អប់រមេដឹកនាំកម្ពុជា ជាពិសេសគឺចង្អុលបង្ហាញឱ្យប្រជាពលរដ្ឋខឹងស្អប់ទៅលើក្រុមគ្រួសាររបស់សម្តេចតេជោ ដែលជាអ្នកមានគុណក្នុងការរំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរ ជាអ្នកមានគុណនៅក្នុងការធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព៕
ដោយ៖ពលជ័យ