ប្រធានសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត អំពាវនាវឱ្យបញ្ឈប់លបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ
ឧត្តរមានជ័យ៖ ប្រធានសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត នៃខេត្តឧត្តរមានជ័យ ព្រះតេជគុណ ថូ ធូរស់ បានអំពាវនាវលើបណ្តាញទំនាក់ទំនងសង្គម ដោយទទូចដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលរស់នៅក្បែរតំបន់ព្រៃសហគមន៍ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ត្រូវបញ្ឈប់នូវរាល់សកម្មភាពបទល្មើសទាំងឡាយដូចជាលបលួចដាក់អន្ទាក់សត្វព្រៃគ្រប់ប្រភេទក្នុងតំបន់សហគមន៍នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ដើម្បីរក្សាអាយុជីវិតសត្វដ៏កម្រទាំងនេះ ឱ្យបានគង់វង្ស។
ព្រះតេជគុណ ថូ ធូរស់ មានសង្ឃដីកាថា ការដែលបងប្អូនលបលួចធ្វើសកម្មភាពដាក់អន្ទាក់ ដើម្បីចាប់យកសត្វព្រៃគ្រប់ប្រភេទ ដែលកំពុងរស់នៅក្នុងតំបន់សហគមន៍នេះ គឺជាទង្វើខុសច្បាប់ ហើយក៏ជាទង្វើមួយដែលធ្វើឱ្យសង្គមស្អប់ខ្ពើម។ ដូច្នេះ គប្បីត្រូវតែបញ្ឈប់ឱ្យបាន នូវរាល់សកម្មភាពប្រព្រឹត្តបទល្មើស ការដាក់អន្ទាក់ ការលបលួចការបរបាញ់សត្វព្រៃ ទើបយើងអាចរក្សាសត្វព្រៃគ្រប់ប្រភេទ រស់នៅក្នុងតំបន់នេះបានគង់វង្ស ប្រកបសុវត្ថិភាព។
ព្រះតេជគុណបន្តថា សត្វព្រៃគ្រប់ប្រភេទក៏ត្រូវការជីវិតរស់រានដូចបងប្អូនដែរ។ ដូច្នេះបងប្អូនមិនត្រូវធ្វើការលបលួចការបរបាញ់ ឬក៏ដាក់អន្ទាក់បន្តទៀតនោះទេ ។ ប្រសិនមានករណីបែបនេះកើតឡើង នោះបងប្អូននឹងត្រូវទទួលទោសទៅតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងនោះឡើយ ចំពោះបុគ្គលណាដែលបានលបលួចប្រព្រឹត្តនូវទង្វើនោះទៀត។
សូមជម្រាបថា សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តមានផ្ទៃដីព្រៃឈើជាង ៣ម៉ឺនហិកតា ហ៊ុមព័ទ្ធដោយធម្មជាតិព្រៃភ្នំ ជាប់ក្រុងមួយ និងស្រុកពីរ និងមានសត្វព្រៃគ្រប់ប្រភេទ បានមកជ្រកកោនរស់នៅក្នុងតំបន់នេះ ។ ព្រះតេជគុណ ថូ ធូរស់ បានអំពាវនាវថា ប្រសិនបើយើងរួមគ្នាអភិរក្ស ថែរក្សាឱ្យបានគង់វង្ស នោះវាអាចនឹងផ្តល់ប្រយោជន៍ច្រើន លើការទាក់ទាញវិស័យទេសចរទៅថ្ងៃអនាគត ខណៈបច្ចុប្បន្នសត្វដ៏កម្រជាច្រើនគ្រប់ប្រភេទ កំពុងមានវត្តមាននៅក្នុងសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តនេះ៕








ដោយ៖ឡុង សំបូរ