ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង នឹងបន្តយន្តការអភិរក្សកូនផ្សោតពីរក្បាល ដែលទើបកើតថ្មី
ស្ទឹងត្រែង៖ មន្រ្តីខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង រួមទាំងមន្ត្រីអភិរក្សពាក់ព័ន្ធនានា នឹងសហការរួមគ្នាបង្កើនការអភិរក្សកូនផ្សោតពីរក្បាល ដែលទើបកើតថ្មីនាប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងអន្លង់អភិរក្សសត្វផ្សោតត្បូងខ្លា ស្ថិតក្នុងភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីធ្វើឱ្យបរិមាណសត្វផ្សោតនៅគង់វង្ស និងកើនឡើងថែមទៀត នៅក្នុងឆ្នាំ២០២៥នេះ ។
នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោកស្រី សំ វិចិត្រ ក្នុងពេលចុះល្បាត និងពិនិត្យកូនសត្វផ្សោតកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានបញ្ជាក់ថា កូនផ្សោតដែលទើបកើតថ្មីពីរក្បាលនេះ មានអាយុមិនដល់មួយសប្តាហ៍ផង ។ ដូចនេះមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវឧស្សាហ៍ចុះល្បាត និងពិនិត្យមើលឱ្យបានញឹកញាប់ជាប្រចាំ។
លោកស្រី សំវិចិត្រ បានបញ្ជាក់ទៀតថា ការល្បាតនេះក្រុមការងារត្រូវសហការ និងចែកវេនគ្នាចុះពិនិត្យមើល បើប្រទះ ឃើញមានមង ឬ សន្ទូចដែលជនសង្ស័យលួចដាក់ក្នុងតំបន់ហាមឃាត់ ត្រូវប្រមូលយកមកបំផ្លាញចោល ដើម្បីការពារ កូនផ្សោតក៏ដូចមេវា។កុំឱ្យជាប់មងទាំងនោះ។វិធានការនេះយើងមានបំណងអភិរក្សសត្វផ្សោត ដែលទើបនឹងកើត និងពពួកផ្សេងៗទៀតឱ្យវារស់នៅគង់វង្ស ព្រោះមន្ត្រីយើងបានដាក់ស្លាកសញ្ញាហាមចូលធ្វើនេសាទរួចមកហើយ។
តំណាងឱ្យសហគមន៍នេសាទ លោក ឡុង ថា បានឱ្យដឹងថា ការងារនេះក្រុមឆ្នាំ និងប្រជាសហគមន៍នេសាទ បានសហការគ្នាចុះល្បាតជាប្រចាំ ដើម្បីការពារសត្វផ្សោតទាំងអស់នោះ ព្រោះនៅអន្លង់ត្បូងខ្លា អន្លង់កោះជ្រឹម និងអន្លង់កោះតាំងកូនសត្វ ។យើងកំពុងរៀបចំធ្វើជារមណីយដ្ឋានទស្សនាសត្វផ្សោត ។
លោក ឡុង ថា បានបន្តថា តាមការស្រាវជ្រាវរបស់មន្ត្រីជលផល និងអង្គការ(WWF) នៅសប្តាហ៍ទី៣ នាខែមករានេះ ពិនិត្យឃើញមានកូនសត្វផ្សោតនៅអន្លង់ត្បូងខ្លា កំពុងហែលលេងគួរឱ្យគយគន់ ជាមួយក្រុមសត្វផ្សោតពេញវ័យប្រមាណ ៨ក្បាលផ្សេងទៀត។
សូមជម្រាបថា សត្វផ្សោតត្រូវបានគេចាត់ទុកជាប្រភេទសត្វកម្រជិតផុតពូជ ។បច្ចុប្បន្នប្រទេសកម្ពុជា សត្វផ្សោតមាននៅអន្លង់ផ្សោតកាំពី ខេត្តក្រចេះ និងនៅអន្លង់ផ្សោតត្បូងខ្លា អន្លង់តាំងកូនសត្វ និងអន្លង់កោះជ្រឹម ខេត្តស្ទឹងត្រែង។ ទាំងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង មានចំនួនប្រមាណ ១០៥ក្បាល ក្នុងនោះសត្វផ្សោតប្រមាណ ៨០ក្បាល មាននៅក្នុងខេត្តក្រចេះ និងប្រមាណ ២៥ក្បាល មាននៅខេត្តស្ទឹងត្រែង៕






ដោយ៖ឡុង សំបូរ