ពលរដ្ឋចាស់ក្មេង នាំគ្នា ចាប់កង្កែបអាចម៍គោដើម្បីទុកបរិភោគក្នុងគ្រួសារ និងខ្លះទុកសម្រាប់លក់

(ភ្នំពេញ)៖ កង្កែបអាចម៍គោជាឈ្មោះកង្កែបមួយប្រភេទ មាឌតូចប៉ុនគ្នានឹងកង្កែបប្រុយដែរ ប៉ុន្តែដងខ្លួនខ្លី ជើងក៏ខ្លីៗ ដែរ សម្បុរស្ទើរលឿង នៅតែក្នុងកំពាយអាចម៍គោលើគោក និងគល់ច្រាំងស្រូវក្រោយរដូវច្រូតកាត់។

ក្រោយរដូវច្រូតកាត់ចាប់ពីពាក់កណ្តាលខែធ្នូ រហូតមកដល់ចុងខែមករានេះពលរដ្ឋ ក្មេងចាស់ ប្រុសស្រី មួយចំនួនបានបបួលគ្នីគ្នា ដើម្បីឆ្លុះកង្កែបអាចម៍គោ ឬហៅថាត្រឡនតនដើម្បីទុកបរិភោគតាមគ្រួសារ និងមួយចំនួនទៀតបាននាំគ្នាដើរចាប់កង្កែបប្រភេទតូចៗទាំងនេះដើម្បីទុកលក់សម្រាប់រកចំណូលបន្ថែមក្នុងក្រុមគ្រួសាររបស់ពួកគាត់។

ការដើរឆ្លុះកង្កែបអាចម៍គោនេះវាបានក្លាយជារឿងធម្មតាទៅហើយសម្រាប់ពលរដ្ឋរស់នៅឃុំ អមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឱ្យតែរដូវច្រូតកាត់រួចរាល់ដែលសម្បូរទៅដោយកង្កែប តាមវាលស្រែ ត្រពាំងទឹក ថ្លុកទឹក និងដងស្ទឹងនៅក្នុងតំបន់នេះ ។

ចាប់ពីព្រលប់ៗស្ទើររៀងរាល់ថ្ងៃពលរដ្ឋមួយចំនួនដែលនិយមដើរឆ្លុះកង្កែបអាចម៍គោ តែងនាំគ្នា ដើរចាប់ ពុំសូវខកខានទេពីព្រោះថាជាអំឡុងពេលកង្កែបអាចម៍គោសម្បូរនៅតាមច្រាំងស្រូវ និងដីបែកក្រហែងក្នុងស្រែ។ កង្កែបទាំងនេះពួកគាត់រកបានយកទៅប្រឡាក់ចៀនបរិភោគ ប្រឡាក់ធ្វើងៀត ធ្វើប្រហិត និងខ្លះទៀតស្លរបរិភោគដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ពិសារជាប់ចិត្ត ។

អ្នកស្រី សាយ គីន ដែលមានកូនតូចៗដើររកចាប់កង្កែបអាចម៍គោសម្រាប់ទុកបរិភោគ និងមួយភាគខ្លះសម្រាប់ទុកលក់នោះបានប្រាប់ថា៖រៀងរាល់ដល់រដូវច្រូតកាត់ កូនៗរបស់គាត់ដែលមានអាយុ ៩ទៅ១២ឆ្នាំចំនួន២នាក់តែងដើរឆ្លុះចាប់កង្កែបពេលយប់មិនសូវអាក់ខានទេ។ក្នុងមួយយប់ៗអាចចាប់កង្កែបបានពី១គីឡូក្រាមទៅ៣គីឡូក្រាម ។

ស្រ្តីដែលរស់នៅភូមិទំនាប ឃុំអមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ រូបនេះបានប្រាប់ឱ្យដឹងដែរថា៖កង្កែបអាចម៍គោនេះនៅពេលចាប់បានមកអ្នកស្រីតែងវះប្រឡាក់អំបិល ប៊ីចេង និងគ្រៀងផ្សំ សម្រាប់ចៀនទុកបរិភោគក្នុងក្រុមគ្រួសារ ដោយវាមានរស់ជាតិឈ្ងុយឆ្ងាញ់ពិសារជាប់ចិត្ត។វាជាម្ហូបពួកគាត់តែងបរិភោគចាប់តាំងតែពីក្មេងៗមក ម្ល៉ោះហើយឱ្យតែដល់រដូវច្រូតកាត់អ្នកស្រីតែងនាំគ្នាដើរចាប់យកមកទុកបរិភោគ។សម្រាប់ឆ្នាំនេះអ្នកស្រីឱ្យកូនៗដើររកចាប់ពីព្រោះថាក្មេងៗពូកែចាប់ រហ័សរហួន មិនដូចមនុស្សចាស់ចាប់ពុំសូវបានច្រើនដូចក្មេងៗទេ។

ក្មេងស្រី ម៉ៅ សុទ្ធា ដែលបានរកចាប់កង្កែបពេលយប់នេះដែរបានប្រាប់ថាក្នុងមួយយប់យ៉ាងហោចណាស់ចាប់កង្កែបបាន១គីឡូក្រាមដែរ។កង្កែបទាំងនេះសម្បូរតែស្រែណាដែលគល់ច្រាំងឆេះ ពីព្រោះថាកង្កែបអាចម៍គោទាំងនេះវាអត់កន្លែងពួនហើយចេញមកក្រៅ។បើស្រែណាមានគល់ច្រាំងគឺចាប់មិនសូវបានទេ ហើយឆ្នាំនេះកង្កែបអាចម៍គោសម្បូរដូចឆ្នាំមុនដែរ។ កង្កែបអាចម៍គោនេះពេលចាប់បានអាចយកទៅលក់ឱ្យគេបានក្នុងមួយគីឡូក្រាម ១៥០០០រៀល ។

អ្នកស្រី មករា ដែលមកពីភ្នំពេញ ហើយបានចូលរួមដើរឆ្លុះកង្កែបជាមួយអ្នកស្រុកនេះដែរបានប្រាប់ថា”តាមពិតកង្កែបអាចម៍គោនៅតំបន់នេះសម្បូរ ហើយងាយស្រួលរកណាស់។កង្កែបទាំងនេះគេយកទៅប្រឡាក់ហាល ហើយយកមកបំពងទុកបរិភោគបន្តិចម្តងៗគឺឆ្ងាញ់ពិសារណាស់”។

ទាក់ទិនក្នុងរឿងនេះអ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍សាមគ្គីអមលាំងស្ថិតនៅឃុំ អមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ៖ពលរដ្ឋ ក្នុងសហគមន៍នេះ ក្រៅពីពឹងពាក់ទៅលើអនុផលព្រៃឈើ ហើយពួកគាត់តែងរកត្រី និង ពិសេសចាប់កង្កែបអាចម៍គោនេះ សម្រាប់លក់នារដូវច្រូតកាត់រួចរាល់ ។ ពួកគាត់ទាំងនេះដើររកចាប់កង្កែបដែលជាអាហារបានមកពីធម្មជាតិមានរស់ជាតិឆ្ងាញ់ពិសារសម្រាប់ទុកធ្វើម្ហូបក្នុងក្រុមគ្រួសារ និងពិសេសនោះអាចលក់រកចំណូលសម្រាប់បង្កើនជីវភាពផង ។

អ្នកស្រីបានឱ្យដឹងបន្ថែមថា”សម្រាប់ឆ្នាំនេះកង្កែបអាចម៍គោ សម្បូរគួរសម ដោយពួកគាត់អាច ចាប់ សម្រាប់ទុកបរិភោគក្នុងក្រុមគ្រួសារ និងលក់។ក្នុងមួយយប់ៗពួកគាត់អាចចាប់ពី២ទៅ៥គីឡូក្រាមដែលខ្លះអាចរកចំណូលចាប់ពី២ម៉ឺនដល់ជិត១០ម៉ឺនរៀល។ពេលនេះក៏ជិតផុតរដូវរកកង្កែបអាចម៍គោហើយដែរ”។

ប្រធានសហគមន៍រូបនេះបានឱ្យដឹងដែរថា៖ក្នុងសហគមន៍អ្នកស្រីមានសមាជិក២៨៨នាក់ ដោយក្នុងនេះក្រុមដាំបន្លែមានចំនួន៥២នាក់។ក្រៅពីនេះក៏មានអ្នកចិញ្ចឹមសត្វ រកអនុផលព្រៃឈើជាដើម។

គួរបញ្ជាក់ថាបើតាមសៀវភៅបច្ចេកទេសចិញ្ចឹមកង្កែប របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅប្រទេសកម្ពុជាបានឱ្យដឹងថានៅកម្ពុជាគេប្រទះឃើញ មានកង្កែបច្រើនប្រភេទក្នុងនេះដូចជា ៖កង្កែបកូប, កង្កែបភ្នំ, កង្កែបរនាមរស់នៅតាមព្រៃរនាម,កង្កែបក្អាត់,កង្កែបអាចម៍គោ, កង្កែបស្រូវ ,ហ៊ីងហង, គីង្គក់,កញ្ចាញ់ចេកជាដើម។

សម្រាប់ចំណីអាហាររបស់ពពួកកង្កែបទាំងនេះ ដូចជា មូស រ៉ុយ ជន្លេន មេភ្លៀង មមុង មេអំបៅ កណ្តូប កូនខ្យង ខ្ចៅ ក្តាម និងសត្វល្អិតផ្សេងៗជាច្រើនទៀត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner