សម្តេចនាយករដ្ឋមន្ត្រី អញ្ជើញចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ពលរដ្ឋ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង នៅខេត្តកណ្តាល និងខេត្តតាកែវ

(ភ្នំពេញ)៖ យោងតាមបណ្ដាញសង្គម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឆ្លៀតចុះមើលស្ថានភាពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ក្រសួងធនធានទឹក នៅស្រុកស្អាង ខេត្តកណ្តាល និង ស្រុកព្រៃកប្បាស និងស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ។

សម្ដេចធិបតី បានសរសេរលើបណ្ដាញសង្គមថា ការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលកំពុងមានតម្រូវការទឹក ក្នុងការដាក់បំពេញស្រូវនៅព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួនជិត ២ពាន់ហិកតា និងតាមបណ្តោយប្រឡាយហនុមាន ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ចំនួនជិត ៤ពាន់ហិកតា ។ ការអន្តរាគមន៍ដែលឈរលេីមានប្រភពទឹកគ្រប់គ្រាន់, រាជរដ្ឋាភិបាល គឺបានខិតខំគ្រប់លទ្ធភាពក្នុងការបូមទឹកសង្គ្រោះផង ហេីយក៏បានអន្តរាគមន៍ពង្វាងទឹកចេញពីទំនប់ទឹកតាសាល មកបំពេញបន្ថែមក្នុងទន្លេបាទី ដេីម្បីអាចនឹងធានាដល់ការប្រេីប្រាស់នារដូវប្រាំងខាងមុខផងដែរ ។

ក្នុងពេលជាមួយគ្នា សម្ដេចធិបតី ក៏បានឆ្លៀតពិនិត្យវឌ្ឍនភាពនៃការកសាង និងស្តារប្រឡាយលេខ៩៦ ដែលជាកំណាត់មួយនៃប្រព័ន្ធប្រឡាយរំដោះទឹកដែលខ្ញុំបានអនុម័តឱ្យធ្វើពីរឆ្នាំកន្លងទៅ។ ប្រឡាយនេះតភ្ជាប់ពីប្រឡាយ៩៦ និងដើរតួនាទីជួយបញ្ចៀសទឹកពីរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការជន់លិចរាជធានី ដោយតភ្ជាប់ពីស្ទឹងព្រែកត្នោតទៅទន្លេបាសាក់ ។ ក្រៅពីបញ្ចៀសទឹកពីរាជធានីភ្នំពេញ ប្រព័ន្ធប្រឡាយនេះដែលតភ្ជាប់ពីភ្នំឱរ៉ាល់ ក៏នឹងជួយផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំបានរាប់សែនហិកតានៅខេត្តកំពង់ស្ពឺ កណ្តាល និងតាកែវ នាពេលខាងមុខផងដែរ ។

ព្រមជាមួយនេះ សម្ដេចធិបតី ក៏បានឆ្លៀតចុះពិនិត្យប្រព័ន្ធធារាសាស្ត្រដែលជាប្រព័ន្ធមានលក្ខណ:ពេញលេញ ធានាការស្រោចស្រពពេញមួយឆ្នាំ ដែលមានការចងក្រងជាសហគមន៍ ដោយរៀបចំដោយនាយកដ្ឋានសហគមន៍កសិករប្រេីប្រាស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម។ ជាលទ្ធផល ពួកគាត់អាចបង្កបង្កេីនផលបីដងក្នុងមួយឆ្នាំ ដោយមិនមានការខ្វះខាតទឹក ទូទាំង ២,៥០០ហិកតា ហេីយបាននឹងពង្រីកបន្ថែមចំនួនជាង ៥០០ហិកតា ទៀត ជាពិសេសក៏នៅមានសល់ទឹកអាចបូមអន្តរាគមន៍សង្គ្រោះស្រូវដែលនៅក្បែរនោះបានជិត ១ពាន់ហិកតា បន្ថែមផងដែរ ៕

ដោយ ៖ វណ្ណ លុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner