យន្តហោះដឹកអ្នកដំណើរបុកឧទ្ធម្ភាគចក្រនៅអាមេរិក
បរទេស ៖ ក្រុមមន្ត្រីបាននិយាយថា យន្តហោះក្នុងតំបន់ មកពីរដ្ឋ Kansas បានធ្លាក់ចូល ទៅក្នុងទន្លេ Potomac នៃទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបានបុកគ្នា កណ្តាលអាកាស ជាមួយនឹងឧទ្ធម្ភាគចក្រយោធា នៅជិតអាកាសយានដ្ឋានជាតិ Reagan ដោយបានជំរុញឱ្យមានការឆ្លើយតបជាបន្ទាន់ និងបញ្ឈប់ជើងហោះហើរ ទាំងអស់។ ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ត្រូវនឹងយប់ថ្ងៃពុធ ម៉ោងនៅអាមេរិក។
លេខាធិការសារព័ត៌មាន សេតវិមាន លោកស្រី Karoline Leavitt បាននិយាយ នៅលើ Fox News ថា លោកប្រធានាធិបតី Donald Trump បានដឹងអំពីស្ថានភាពនេះ ហើយចាត់ទុកថា ជាសោកនាដកម្ម តែ មិនទាន់មានព័ត៌មានភ្លាមៗ អំពីចំនួនមនុស្ស ប៉ុន្មាននាក់ នៅលើយន្តហោះ ឬ អំពីអ្នកស្លាប់និងរបួសនោះទេ។
អាជ្ញាធរអាកាសចរណ៍សហព័ន្ធ ហៅកាត់ FAA បានបញ្ជាឱ្យបញ្ឈប់យន្តហោះទាំងអស់ នៅអាកាសយានដ្ឋាន Reagan ហើយប៉ូលីសក្រុងវ៉ាស៊ីនតោន បាននិយាយនៅលើ X ថា «ភ្នាក់ងារជាច្រើន» កំពុងឆ្លើយតបទៅនឹងកន្លែងធ្លាក់ នៅតំបន់ Potomac ។ ប៉ូលីសបាននិយាយថា ឡានពន្លត់អគ្គីភ័យ បានចូលរួមប្រតិបត្តិការ នៅទន្លេ Potomac ក្នុងពេលអាកាសធាតុដ៏ត្រជាក់។
សហព័ន្ធអាកាសចរណ៍អាមេរិក អះអាងថា យន្តហោះដឹកអ្នកដំណើរនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ PSA Airlines Bombardier ដោយបានបុក ជាមួយនឹងឧទ្ធម្ភាគចក្រ Sikorsky H-60 នៅពេលដែលយន្តនោះខិតជិត សម្រាប់ការចុះចត នៅ Reagan វេលាម៉ោងប្រហែល៩យប់ ។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះ បានចាកចេញពីតំបន់ Wichita នៃ រដ្ឋ Kansas៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

