ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ភ្ញៀវទេសចរមកកម្ពុជា គឺដោយសារកម្ពុជាមានសុខសន្តិភាព មានសុវត្ថិភាព
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធលក់សំបុត្រនិងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាអង្គរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានបញ្ជាក់ថា បើទោះបីកម្ពុជាមានបេតិកភណ្ឌធម្មជាតិជាច្រើនរាប់មិនអស់ក៏ដោយ ប៉ុន្តែភ្ញៀវទេសចរមកកម្ពុជា គឺដោយសារកម្ពុជាមានសុខសន្តិភាព មានសុវត្ថិភាព បូករួមនិងស្នាមញញឹមរបស់ពលរដ្ឋមកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានសង្កត់ធ្ងន់ថា គ្មានភ្ញៀវទេសចរណាគេចង់មកផ្សងព្រេង ឬមកទស្សនាកម្ពុជាកម្សាន្តនៅកម្ពុជា បើកម្ពុជាកំពុងអសន្តិសុខ និងអស្ថេរភាពនោះឡើយ។ ពិតណាស់ថា កម្ពុជាមានបេតិកភណ្ឌធម្មជាតិជាច្រើនរាប់មិនអស់ ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ដឹងគ្រប់ៗគ្នាដែរថា ភ្ញៀវទេសចរមកកម្ពុជា គឺដោយសារកម្ពុជា មានសុខសន្តិភាព មានសុវត្ថិភាព ហើយយើងក៏តែងតែឮភ្ញៀវទេសចរជាច្រើន និយាយដូចគ្នាថា ប្រជាជនកម្ពុជា មានភាពរួសរាយរាក់ទាក់ ញញឹមញញែម មានចិត្តមេត្តាធម៌ មានបេះដូងធំ និងមានចិត្តស្មោះ នេះគឺជាកិត្តិនាម ដ៏ល្អផូរផង់មួយ ដែលយើងត្រូវរក្សា ការពារឱ្យបានល្អ ដោយប្រុងប្រយ័ត្នជាទីបំផុត”។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នេះមិនមែនជាការងារដែលក្រសួងទេសចរណ៍ ឬរាជរដ្ឋាភិបាល ធ្វើតែម្នាក់ឯងនោះឡើយ ពោលគឺត្រូវមានការចូលរួម ពីវិស័យឯកជន និងអ្នកផ្តល់សេវាទេសចរ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។
ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គឺជាការដាក់ឱ្យអនុវត្តនូវថ្នាលឌីជីថល សម្រាប់ការលក់ និងការគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងរមណីយដ្ឋានទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរ ដែលជាសមិទ្ធផលថ្មី មួយទៀត របស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់អ្នកទេសចរអន្តរជាតិ, ការជំរុញការទាក់ទាញទេសចរអន្តរជាតិ និង ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជាមាសបៃតង និង ជាសសរស្តម្ភមួយដ៏សំខាន់ ដែលជួយដល់ការជំរុញកំណើនសេដ្ឋកិច្ច, បង្កើតឱកាសការងារ និង លើកស្ទួយវប្បធម៌ជាតិ ។ ទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងរហ័ស តាមរយៈការចាប់យកនូវបច្ចេកវិទ្យាថ្មី ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និង ការស្តារឡើងវិញនៃឧស្សាហកម្មទេសចរណ៍។
សូមជម្រាបថា រាជរដ្ឋាភិបាលបានបង្កើតគ្រឹះស្ថានអង្គរ ដែលជាគ្រឹះស្ថានសាធារណៈរដ្ឋបាល នៅថ្ងៃទី២១ ខែ មករា ឆ្នាំ ២០១៦, ជាអង្គភាពថ្មីមួយ សម្រាប់ធ្វើការគ្រប់គ្រងការប្រមូល និង ការបង់ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអាណាព្យាបាលហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ ជាអាណាព្យាបាលបច្ចេកទេស៕
ដោយ៖ពលជ័យ

