យូអិន ៖ ឆ្នាំក្រោយ អាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសជាផ្លូវការ

ប៉ារីស ៖ អង្គការសហប្រជាជាតិបាននិយាយថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលវាជាក្របខ័ណ្ឌអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងកំដៅផែនដី។

អ្នកនាំពាក្យរបស់អគ្គលេខាធិការយូអិន លោក Stephane Dujarric បានធ្វើសេចក្តីប្រកាសបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ។ ការដកខ្លួនរបស់អាមេរិកនេះ នឹងចូលជាធរមាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។

លោក Dujarric បានបញ្ជាក់យ៉ាងដូច្នេះថា យើងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាព ដើម្បីកំណត់ការកើនឡើងកំដៅពិភពលោកត្រឹម ១.៥អង្សាសេ។

សហរដ្ឋអាមេរិកគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេទីពីររបស់ពិភពលោក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីពេលថ្មីៗនេះ ដែលជាថ្ងៃដំបូងរបស់លោកនៅក្នុងតំណែង ដើម្បីចាកចេញពីកិច្ចព្រមព្រៀងអាកាសធាតុនេះ។

សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុលើកដំបូងក្នុងឆ្នាំ២០២០ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ ប៉ុន្តែបានចូលរួមឡើងវិញ ស្ថិតក្រោមរដ្ឋបាលរបស់ប្រធានាធិបតីបន្ទាប់ គឺលោក ចូល បៃដិន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner