លោក ពូទីន ៖ រុស្ស៊ីនឹងក្លាយជាអ្នកនាំមុខគេលើការផលិតយន្តហោះដ្រូននៅឆ្នាំ ២០៣០
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក ឬដ្រូន (UAVs) ថា រុស្ស៊ីគួរតែចូលរួមជាមួយក្រុមប្រទេសនាំមុខគេក្នុងពិភពលោក លើការផលិតយន្តហោះដ្រូននៅឆ្នាំ ២០៣០។
លោក ពូទីន បានសង្កត់ធ្ងន់ថា គោលដៅរបស់យើង គឺកាន់តែទូលំទូលាយជាងមុន ពោលគឺនៅឆ្នាំ២០៣០ ប្រទេសរុស្ស៊ីត្រូវតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកដឹកនាំបច្ចេកវិទ្យាពិភពលោកនៅក្នុងវិស័យនៃប្រព័ន្ធអាកាសចរណ៍គ្មានមនុស្សបើក។
លោក ពូទីន បន្ថែមថា ដើម្បីសម្រេចបាននូវចំណុចនេះ យើងត្រូវកសាងឧស្សាហកម្មដ៏មានឥទ្ធិពល ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធសេវាកម្មយន្តហោះដ្រូន ដោយផ្អែកលើបច្ចេកវិទ្យាក្នុងស្រុក និងខ្សែសង្វាក់ផលិតកម្ម ទាំងក្នុងប្រទេស និងក្រៅប្រទេស។
ប្រធានាធិបតីរុស្ស៊ីរូបនេះ បានគូសបញ្ជាក់ថា វិស័យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់រុស្ស៊ី ហើយថា រុស្ស៊ីមានធនធានចាំបាច់ទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅនេះ រួមទាំងសក្តានុពលដ៏ធំធេងរបស់អ្នកវិទ្យាសាស្ត្រ អ្នករចនា និងវិស្វកររុស្ស៊ីជាដើម៕


ប្រភព ៖ Tass ប្រែសម្រួល ៖ ឈឹម ទីណា