ឈីងហ្គេឆ្នាំ២០២៥នៅសិង្ហបុរី ជាឱកាសកម្ពុជាបង្ហាញសិល្បៈវប្បធម៌ទៅកាន់ពិភពលោក

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ប្រទេសកម្ពុជានឹងបញ្ជូនគណៈប្រតិភូទៅចូលរួមក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ នៅប្រទេសសិង្ហបុរី ពីថ្ងៃទី៦​ដល់ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។វត្តមានរបស់កម្ពុជា ត្រូវបានមន្រ្តីក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ លើកឡើងថា ជាឱកាស​ផ្សព្វផ្សាយសិល្បៈ វប្បធម៌ខ្មែរទៅកាន់ពិភពលោក។

តាមការគ្រោងទុកគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមុខងារ​សាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំសិល្បករ សិល្បការិនី សរុបចំនួន​៥៤រូបអញ្ជើញ​ចូលរួម​ក្នុងព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ នៅប្រទេសសិង្ហបុរី ពីថ្ងៃទី៦ដល់ទី៧ ខែកុម្ភៈ ។

ក្នុងព្រឹត្តិការណ៍កម្រិតតំបន់នេះ កម្ពុជាបានត្រៀមទស្សនីយភាពកាន់តែអស្ចារ្យជាងការចូលរួមបីលើកកន្លងមក។ មានន័យ​ថា​ ការចូលរួមលើកទី៤ ក្នុងឆ្នាំ២០២៥នេះ កម្ពុជានឹង​បាននាំយកសិល្បៈ​វប្បធម៌បុរាណ​ដោយលាយបញ្ចូលជាមួយសិល្ប៖សម័យ ក្រោមប្រធានបទ “ជីវិត” ដែលមានតួអង្គសំខាន់ៗចំនួន៣ រួមមានដូចជា តួអង្គ សំណាប ស្រូវ និងទឹក ដែលតួ​អង្គទាំងបីនេះ បានបង្ហាញពីអាហារគោលរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម ព្រឿង ឈាង ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ក្រោយបញ្ចប់ កម្មវិធីសំពះគ្រូ នាព្រឹក​ថ្ងៃទី៣១ ខែមករាថា កម្ពុជាសម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍ក្បួនដង្ហែនៅប្រទេសសិង្ហបុរី ឆ្នាំ២០២៥ ជាឱកាស​ផ្សព្វផ្សាយ​សិល្បៈវប្បធម៌ខ្មែរដែលជាកេរ្តិ៍ដំណែលដូនតាបង្ហាញដល់សកលលោក ។ ការចូលរួមរបស់កម្ពុជា មិនត្រឹម​ចំណេញ​ដល់ការផ្សព្វផ្សាយអំពីវប្បធម៌ សិល្បៈខ្មែរប៉ុណ្ណោះទេ តែក៏ ចំណេញបានការផ្លាស់ប្តូរបទ​ពិសោធន៍ដែលជា​មេរៀន​ថ្មីពីប្រទេសចូលរួម ពិសេស គឺបានបង្កើតជាទំនាក់ទំនងកាន់តែជិតស្និទ្ធ​រវាងមនុស្ស​និងមនុស្សពីប្រទេសមួយ​ទៅប្រទេសមួយ ដែលជាការចងមេត្រីភាពល្អរវាងគ្នានិងគ្នា។

សូមជម្រាបថា ព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេ ដែលរៀបចំដោយប្រទេសសិង្ហបុរី គណៈប្រតិភូទៅពីប្រទេសកម្ពុជា ដឹកនាំដោយសហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមចំនួន៣លើករួចមកហើយ ។លើកទី១ក្នុងឆ្នាំ២០១៧, លើកទី២ ឆ្នាំ២០១៩ និងលើកទី៣ ឆ្នាំ២០២៣ ។ព្រឹត្តិការណ៍ក្បួនដង្ហែនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែ កុម្ភៈ ដោយមាន៧ប្រទេសក្នុងតំបន់អាស៊ានចូលរួម ។

ដោយឡែកវត្តមានរបស់កម្ពុជានៅឆ្នាំនេះ ស្របពេលជាមួយនឹងខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងទ្វេ​ភាគីរវាង​ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ។ ក្នុងន័យនេះ ការសម្ដែងទស្សនីយភាព ក្រោមចំណងជើងថា «ជីវិត» ក៏បានបង្កប់នូវអត្ថន័យដ៏វិសេសវិសាលមួយបន្ថែមទៀត នោះគឺ ការរីកចម្រើននៃចំណងមិត្តភាព កម្ពុជា-សិង្ហបុរី៕


រូបថត៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner